(ពោធិ៍សាត់)៖ យោងតាមអាកាសធាតុមិនអំណោយផល ដែលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នា ប្រជាពលរដ្ឋជិត១៥០០គ្រួសារ មកពីបណ្តាស្រុកក្រុងមួយចំនួន ក្នុងខេត្តពោធិ៍សាត់ ខ្លះមានជីវភាពខ្វះខាត និងខ្លះទៀតមានមុខរបរមិនពិតប្រាកដ ខកខានរកស៊ីទទួលទានផងនោះ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បានមកទទួលស្បៀងដោយផ្ទាល់ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលជាសមាជិកក្រុមគ្រួសារ ប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីដោះស្រាយភ្លាមៗ និងទាន់ពេលវេលា ក្នុងការចូលរួមចំណែក ក៏ដូចជាចែករំលែកនូវក្តីស្រលាញ់ ដែលធ្លាប់រួមសុខ រួមទុក្ខជាមួយនឹងគ្នាជារៀងរហូតមក។
លោក ម៉ៅ ធនិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឳពុកម្តាយគេ បើប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនមាន ហើយរត់មកពឹងពាក់ហើយ លោកមិនដែលធ្វើព្រងើយនោះទេ ជាក់ស្តែងប្រជាពលរដ្ឋជិត១៥០០គ្រួសារខាងលើនេះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា។
លោកបានគូសបញ្ជាក់ថា «ការដោះស្រាយជាបឋមនេះ មិនអាចឱ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនរកទទួលទានដោយខ្លួនឯង ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។ ម្យ៉ាងវិញទៀត ត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកយើងទាំងអស់គ្នាជាគ្រួសារតែមួយ ក្នុងនោះរួមទាំងក្រុមគ្រួរសារ របស់លោក និងភរិយាលោកផលដែរ»។
លោកបានលើកឡើងទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មានការរីកចម្រើន លើគ្រប់វិស័យ ដូច្នេះបងប្អូនត្រូវចូលរួមការពារថែរក្សាតម្លៃ នៃសុខសន្តិភាពកម្ពុជា ឲ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងនាមរដ្ឋបាលខេត្ត លោកបានអំពាវនាវ ឲ្យក្មួយៗដែលគ្រប់អាយុបោះឆ្នោត ឬអ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកគ្រប់អាយុបោះឆ្នោតហើយ តែមិនទាន់ចុះឈ្មោះ សូមរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ព្រោះនៅសល់តែ២៩ថ្ងៃទៀតប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះលោកអភិបាលខេត្ត ដែលពួកគាត់មានសមាជិកថ្មីម្នាក់ទៀតប្រកបដោយព្រហ្មវិហារធម៌ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕