(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ថ្ងៃទី៩ ខែតុលា គឺជាពេលវេលាមួយ ដែលធ្វើឲ្យកម្ពុជាធ្លាក់ក្នុងរណ្តៅសង្គ្រាម នាំឲ្យប្រជាពលរដ្ឋខ្មែរព្រាត់ប្រាស់ប្តី ប្រពន្ធ កូន បងប្អូន ឪពុកម្តាយ ដោយសារតែការផ្លាស់ប្តូររបបដឹករបស់លោកសេនាប្រមុខ លន់ ណុល រហូតធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ ក្នុងសម័យខ្មែរក្រហមជិត៣លាននាក់។ រឿងទាំងនេះដែលជនជាតិខ្មែរ បានស្គាល់សង្គ្រាម ស្គាល់ការបែកបាក់ យើងស្គាល់នូវអ្វីដែលយកខ្មែរ និងខ្មែរគ្នាឯងជាសត្រូវ ថ្ងៃនេះហើយដែលនាំឲ្យខ្មែរក្រហមសម្លាប់ខ្មែរគ្នាឯងជិត៣លាននាក់ និងសូមឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវតែងស្វែងយល់ពីសន្តិភាពនៅកម្ពុជាសព្វថ្ងៃ និងសន្តិភាពពីអតីតកាល។ នេះជាការបញ្ជាក់បន្ថែមពី អ្នកប្រវត្តិសាស្រ្តខ្មែរ ដ៏មានចំណេះជ្រៅជ្រះរូបនេះ។
បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានថ្លែងបែបនេះ ក្នុងឱកាសលោករៀបចំសន្និសីទកាសែត ស្តីពីរបបសាធារណៈរដ្ឋកម្ពុជា ពីអតីតកាល នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅសាកលវិទ្យាល័យមខេមអែដ រាជធានីភ្នំពេញ។
បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានថ្លែងថា «អ្វីដែលជាកេរិ៍មរតកក្រុមអ្នកសាធារណៈរដ្ឋ សម័យ លន់ ណុល បានបន្សល់ទុករហូតមកដល់សព្វថ្ងៃ ហើយកម្ពុជាដែលស្គាល់ពាក្យថា សន្តិភាព ស្ថេរភាព គឺយើងស្គាល់តែសង្គ្រាម។ តែបច្ចុប្បន្ននេះយើងទើបបានអ្វីដែលជាសន្តិភាពស្គាល់នូវអ្វីដែលថា ស្ថេរភាព នូវអ្វីដែលជាសន្តិសុខ ដូច្នេះស្នាដៃទាំងនេះហើយ ដែលកម្ពុជា ចង់រក្សាទុកជារៀងរហូត ហើយសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងមេត្តាយកមកសិក្សារៀនសូត្រ និងប្រៀបធៀបសម័យបង្គ្រាម ដែលខ្មែរបែកបាក់គ្នា និងសម័យបច្ចុប្បន្នថា តើវាដូចគ្នា ឬខុសគ្នាចុះបើយើងបានសុខសន្តិភាព មកដល់ថ្ងៃនេះ ហើយតើយើងចង់ត្រឡប់ទៅរកសម័យសង្គ្រាមដូចជា សម័យ លន់ ណុល សម័យខ្មែរក្រហម ដែរឬទេ»?
បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានបន្តយ៉ាងដូច្នេះថា «ទាំងនេះហើយដែលជាចំណោទ ដែលយើងជាខ្មែរត្រូវយកមកសួរយើងអាចពិចារណា ទាំងអស់គ្នា ដូច្នេះអ្វីដែលជាស្នាដៃ គឺថាបានបង្ហាញនៅចំឱកាសមួយ ដែលយើងនិយាយពីចម្បាំងនិយាយពីចលាចល ហើយក៏និយាយអំពីអ្វីដែលហៅថាសង្គ្រាម ដែលយើងឃើញកើតមាននៅមជ្ឈឹមបូព៌ា ក៏ដូចជានៅតំបន់ផ្សេងៗ»។
លោកសាស្ត្រចារ្យ រស់ ចន្ត្រាបុត្រ បានរម្លឹកថា រឿងពីអតីតកាល គឺជានយោបាយផង ព្រឹត្តិការណ៍ផង ទាំងនេះហើយសូមឲ្យប្រជាពលរដ្ឋរស់ នៅសព្វថ្ងៃនេះ ត្រូវតែលើកយកមកពិចារណា ថាអ្វីដែលយើងបានធ្វើវាឡើងនៅក្នុងឆ្នាំ១៩៧ថា តើកំហុសនឹងអាចឲ្យវាត្រឡប់មកវិញបានដែរឬទេ? តើយើងអាចចៀសយ៉ាងដូចម្ត៉េច ដើម្បីផលប្រយោជន៍ប្រទេសជាតិ? ថាតើរបបរបស់សម័យសាធារណៈរដ្ឋ លន់ ណុល វារំលំដោយសារអ្វី ទាំងនេះរលំដោយតែបាត់បង់ការគាំទ្រពីយុវជន សេនាជន បញ្ញាជនលែងគាំទ្រ គ្រូបង្រៀនលែងគាំទ្រ នៅតែកងទ័ពទេ ប៉ុន្តែលែងជាកងទ័ព ដែលមានវិចារណញាណទៀតហើយ គឺធ្វើដើម្បីរកលុយចិញ្ចឹមគ្រួសារ ទាំងនេះហើយនាំឲ្យខ្មែរបាត់បង់ឧត្តមគតិស្នេហាជាតិ៕