(ភ្នំពេញ)៖ ដើម្បីជាការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ក្នុងការសម្រេចចិត្តសម្រាប់វិនិយោគក្នុងវិស័យដីធ្លី និងសំណង់នោះ អ្នកជំនាញជាន់ខ្ពស់ ក្នុងវិស័យអចលនទ្រព្យដ៏ល្បីមួយរូបរបស់កម្ពុជា បានបង្ហាញនូវពីទីតាំង និងតំបន់ដែលមានសក្តានុពលមួយចំនួន ដែលគួរសម្រេចចិត្តវិនិយោគនៅពេលអនាគត។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានថ្លែងឲ្យដឹងថា «ក្នុងរាជធានីភ្នំពេញ តំបន់ណាក៏មានសក្ដានុពលដែរ ប៉ុន្ដែសក្ដានុពលនោះសម្រាប់ធ្វើអ្វី? ប្រសិនបើចង់ទិញផ្ទះសម្រាប់ស្នាក់នៅ ខ្ញុំណែនាំឲ្យជ្រើសរើសតំបន់ខាងជើងឈៀងខាងលិច តែបើចង់បានផ្ទះ សម្រាប់សម្រាកកម្សាន្ដគួរទិញនៅតំបន់ទិសខាងកើត (ផ្លូវជាតិលេខ១) បើសិនជាចង់បានផ្ទះសម្រាប់នៅធ្វើអាជីវកម្ម និងធ្វើផ្ទះជួលគួរជ្រើសរើសតំបន់ខាងលិចឈៀងខាងត្បូង (ផ្លូវជាតិលេខ៣,៤) ព្រោះទីនោះ គឺជាតំបន់ឧស្សាហកម្ម....តែបើចង់បានផ្ទះដែលមានទេសភាពស្រស់ស្អាត មានភាពស្ងប់ស្ងាត់ គួរតែជ្រើសប៉ែកខាងជ្រោយចង្វារ ហើយបើចង់បានផ្ទះ ដែលរស់នៅជាអភិជនមានផ្សារទំនើប រស់បែបស៊ីវីល័យគួរជ្រើសរើស តំបន់ខាងជើងឈៀងខាងលិច (តំបន់ខេមកូស៉ីធី)»។
លោកបានឲ្យដឹងទៀតថា «តំបន់ដែលមានការអភិវឌ្ឍអាគារទំនើបៗច្រើនជាងគេ នៅពេលអនាគត គឺតំបន់ខាងជើងឈៀងខាងលិច ជាតំបន់មួយដែលអ្នកមានមធ្យមច្រើនបំផុតកំពុងរស់នៅ។ នៅម្ដុំ ខេមកូ, ម្ដុំអ៊ីអន ម្ដុំផ្សារទំនើបច្រើនតែអ្នកមានមធ្យមរស់នៅ អាចនិយាយបានថាផ្ទះ១០០ មានលើសពី៥០%ជាម្ចាស់ផ្ទះ ប៉ុន្ដែបើប៉ែកខាងលិចខាងត្បូង ជាតំបន់រោងចក្រច្រើនហើយអ្នក
ដែលនៅតំបន់នោះ ភាគច្រើនជួលផ្ទះគេរស់នៅ»។
លោកបានបញ្ជាក់ឲ្យដឹងថា សម្រាប់តាមបណ្ដាខេត្តវិញ ខេត្តដែលមានសក្ដានុពល ក្នុងការអភិវឌ្ឍន៍វិស័យសំណង់ច្រើនជាងគេ មានចំនួន២ខេត្ត គឺសៀមរាប និងព្រះសីហនុ ប៉ុន្ដែការវិវត្តន៍នៃខេត្តទាំងពីរនេះ មានមាតិកាខុសគ្នា តាមពេលវេលា។
លោកថា ក្នុងទីក្រុងភ្នំពេញ កាលពីឆ្នាំ២០០៤-២០០៧ អ្នកដែលរកស៊ីវិស័យដីធ្លីច្រើនជាងគេនៅកម្ពុជា គឺជនជាតិកូរ៉េ អ្នកលក់ដីក៏កូរ៉េ អ្នកទិញដីក៏កូរ៉េ ប៉ុន្ដែឆ្នាំ២០០៨ កូរ៉េបានដកខ្លួនទៅវិញ ដោយសារមានវិបត្តិសេដ្ឋកិច្ច...ពេលដែលកូរ៉េដកខ្លួនជាហេតុ ធ្វើឲ្យមានបញ្ហាថវិកាដែលធ្វើឲ្យវិស័យដីធ្លី នៅកម្ពុជាមានការធ្លាក់ថ្លៃ។ ប៉ុន្ដែបច្ចុប្បន្ននេះ ការវិនិយោគដីធ្លីក្នុងទីក្រុងភ្នំពេញ ក្រៅពីកូរ៉េ មានអ្នកវិនិយោជប៉ុន, ចិន, តៃវ៉ាន, សិង្ហបុរី, ថៃ, ម៉ាឡេ, វៀតណាម ដែលធ្វើឲ្យវិស័យដីធ្លីមានភាពរឹងមាំឡើងវិញ ចំណែកឯខេត្ត សៀមរាបវិញ ទោះបីជាមានមនុស្សច្រើនពិតមែន តែអ្នកទាំងនោះសុទ្ធតែជាអ្នកទេសចរ..សៀមរាបក្រៅពីកម្ពុជាវិនិយោដីធ្លី ក៏មានកូរ៉េ ចិន និងជប៉ុនដែរ។ ខេត្តសៀមរាបអាចជាប់ចំណាត់ថ្នាក់លេខ២ ខាងការអភិវឌ្ឍន៍ដីធ្លី ព្រោះមានមនុស្សចេញចូលរាប់លាននាក់ ទោះបីជាអ្នកដែលមកជាអ្នកទេសចរមែន ប៉ុន្ដែនៅតែមានអ្នកវិនិយោគ ទិញដី សាងសងបុរី ខុនដូ ផ្ទះល្វែង ផ្សារ និងសណ្ឋាគារជាច្រើនផងដែរ។
លោកឲ្យដឹងបន្ថែមទៀតថា សៀមរាបចាញ់ភ្នំពេញដោយសារតែភ្នំពេញមានគ្រប់ជនជាតិ គ្រប់ប្រភពនៃវិនិយោគទុន ចំនែកឯខេត្តសៀមរាបវិញ នៅមានកំណត់នៅឡើយ។ ចំណែកតំបន់ដែលជាប់ចំណាត់ថ្នាក់លេខ៣ គឺខេត្តព្រះសីហនុ ព្រោះខេត្តនេះកំពុងមានចរន្ដដីធ្លីឡើង ដល់កម្រិតមួយដែលស្រដៀងនឹងភ្នំពេញ កាលពីជាង១០ឆ្នាំមុន ព្រះសីហនុបច្ចុប្បន្ន កំពុងតែមានការកើនឡើង ដូចភ្នំពេញកាលពីឆ្នាំ២០០៧ ប៉ុន្ដែនៅតែមានបញ្ហាប្រឈម ដោយសារព្រះសីហនុមានចរន្តទិញតែមួយ ខណៈដែលវិស័យដីធ្លីកំពុងមានការកើនឡើង មានន័យថា អ្នកដែលមកវិនិយោគដីធ្លីនៅតំបន់ព្រះសីហនុ ទាំងអ្នកលក់ អ្នកទិញ អ្នកជួលភាគច្រើន ជាជនជាតិចិន។
លោកបញ្ជាក់ទៀតថា វិស័យដីធ្លីកើនឡើងមានលំនឹង ឬក៏អត់ គឺអាស្រ័យទៅលើកត្តាច្រើនយ៉ាង។ ភ្នំពេញដីធ្លីកើនឡើងមានលំនឹង ដោយសារតែមានអ្នកមានច្រើនរស់នៅ មានសាលារៀន, មន្ទីរពេទ្យ, ធនាគារ, សណ្ឋាគារ, រោងចក្រ មួយកំប្លេនៅភ្នំពេញ។ នៅសៀមរាប មានសណ្ឋាគារ ភោជនីយដ្ឋាន និងធនាគារច្រើន ដូច្នេះសន្និដ្ឋានថា សៀមរាបអាចមានលំនឹងមួយចំនួន ចំណែកឯព្រះសីហនុ មានលក្ខណៈប្រឈម ព្រោះប្រជាជននៅព្រះសីហនុ មានចំនួនកំណត់ អ្នកមកព្រះសីហនុភាគច្រើនជនជាតិចិន។ បើថ្ងៃណាមួយចិនដកខ្លួន នោះព្រះសីហនុនឹងមានបញ្ហា ចំណែកឯកសកម្មភាព ធ្វើអាជីវកម្មរបស់ប្រជាជន រស់នៅព្រះសីហនុ នៅមានកំម្រិតនៅឡើយដោយសារ តែព្រះសីហនុតូច ជារួមភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១, សៀមរាបជាប់ចំណាត់ថ្នាក់លេខ២ និងខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ៣៕