(ភ្នំពេញ)៖ ក្រុមហ៊ុន Ford និង ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford ប្រចាំប្រទេសកម្ពុជា បានផ្តល់មូលនិធិដែលមានទឹកប្រាក់ចំនួន២៥,០០០ដុល្លារ ដល់អង្គការយុវជនខ្មែរ និងការអិភិវឌ្ឍសង្គម ក្រោមជំនួយឧបត្ថម្ភ នៃមូលនិធិអភិរក្ស និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Initiative)។

អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម (KYSD) គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលមានគោលបំណងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈលើកទឹកចិត្តឲ្យយុវជនធ្វើការក្នុងការសម្របសម្រួលជាមួយអ្នកដទៃដើម្បីនាំយកការអភិវឌ្ឍន៍ ទៅកាន់តំបន់ដាច់ស្រយាល នៃប្រទេសកម្ពុជា។ មូលនិធិនេះ នឹងអនុញ្ញាតឲ្យ KYSD សាងសង់អណ្តូងទឹកចំនួនដប់ប្រាំមួយនៅខេត្ដកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំដើម្បីផ្តល់ប្រភពទឹក ស្អាតដល់ប្រជាជនរស់នៅក្នុងតំបន់ និងជួយកាត់បន្ថយភាពលំបាកប្រចាំថ្ងៃដែលពួកគេប្រឈមមុខក្នុងការទទួលបានទឹកស្អាត អណ្តូងទាំងនេះ នឹងផ្គត់ផ្គង់ ទឹកស្អាតដល់មនុស្សជាង១២០០នាក់ ដែលមកពីគ្រួសារជាង២០០។

ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia បានរួមគ្នាបន្តជំរុញគំនិតផ្តួចផ្តើមដែលលោកស្រី Elena Ford បានបង្កើតឡើងនៅពេលធ្វើ ទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០១២ ដើម្បីដោះស្រាយកង្វះខាតធនធានទឹកសម្រាប់សហគមន៍ជនបទ។

លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានថ្លែងថា «យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកជាបន្តបន្ទាប់ ក្នុងការជួយផ្តល់អត្ថប្រយោជន៍រយៈពេលវែងដល់ប្រជាជនកម្ពុជា។ ជារៀងរាល់ឆ្នាំយើងបានសហការជាមួយអង្គការ មិនស្វែងរកប្រាក់ចំណេញ ក្នុងការស្វែងរកសហគមន៍ជនបទដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ ហើយយើងខិតខំប្រឹងប្រែងដើម្បីជួយសម្រាល ការលំបាកដល់ប្រជាជនក្នុងតំបន់នោះ។

លោក សេង វឹង បានបន្តថា ក្រៅពីនេះក្រុមហ៊ុន Ford ក៏បានចូលរួមសកម្មភាពសង្គមជាច្រើននៅក្នុងប្រទេសកម្ពុជា ក្រោមមូលនិធិគាំពារ សហគមន៍ជាសកលប្រចាំឆ្នាំផងដែរ។ បុគ្គលិកក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ក៏បានចូលរួមចំនែកជាមួយអង្គការយុវជនខ្មែរ និងការអិភិវឌ្ឍសង្គមដើម្បីសាងសង់ បណ្ណាល័យមួយខ្នង ក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហើយបណ្ណាល័យនេះនឹងក្លាយជាកន្លែងសិក្សា និងស្រាវជាវដ៏ប្រសើរមួយសម្រាប់សិស្សជាង៦០០នាក់ ដែលស្ថិតក្នុងតំបន់នេះ។

លោក សេង វឹង បានបញ្ជាក់ថា អំពីគម្រោងមូលនិធិអភិរក្សនិងការពារបរិស្ថានរបស់ក្រុមហ៊ុន Ford គម្រោងមូលនិធិអភិរក្ស និងការពារបរិស្ថាន បានបង្កើតតាំង ពីឆ្នាំ១៩៨៤៣មកម្លេះ។ មូលនិធិនេះបង្កើតឡើងក្នុងគោលបំណងដើម្បីជម្រុញបុគ្គល និងអង្គការនានាដើម្បីធ្វើការសិក្សាស្រាវជ្រាវ ទៅលើគម្រោង ផ្សេងៗ ទៅលើការការពារបរិស្ថានដើម្បីណែនាំឲ្យប្រជាពលរដ្ឋចេះស្រឡាញ់ និងការពារបរិស្ថាននៅក្នុងសហគមន៍ ដែលពួកគេរស់នៅ។ ចាប់តាំងពីការបង្កើតនូវគម្រោងនេះមកក្រុមហ៊ុនហ្វដបានឧបត្ថមទឹកប្រាក់មិនក្រោម៥លានដុល្លារនោះទេដើម្បីអនុវត្តន៍ នូវគម្រោងរាប់រយគម្រោង នៅជាង៦០ប្រទេស ជុំវិញពិភពលោក។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Ford បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកការពារបរិស្ថានអស់រយៈពេលជាងមួយទសវត្ស មកហើយ រួមមានការការពារសត្វព្រៃ និងការពារព្រៃឈើ និងផ្តល់មូលនិធិដល់គម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ និងការបង្កើនធនធាន នៅតាមជនបទផងដែរ៕