(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿញៀន ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក ជា សុភក្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងលក់គ្រឿងញៀន ស្រាប់តែប្រទះឃើញទីតាំងស្តុកឈើប្រណិតរាប់ពាន់ដុំ ដែលក្រុមឈ្មួញយកមកកែច្នៃ ដើម្បីលក់បន្ដ ព្រមទាំងឃាត់ខ្លួនសង្ស័យប្រុសស្រីចំនួន១៣នាក់ យកមកសួរនាំផងដែរ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិក្បាលជួ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក ជា សុភក្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានឲ្យដឹងថា ករណីនេះលោកដឹកនាំកម្លាំង ចុះបង្ក្រាបគ្រឿងញៀន ហើយក៏បានប្រទះឃោះញទីតាំងស្តុកឈើប្រណិតជាច្រើនម៉ែត្រនៅទីនោះផងដែរ និងបានបញ្ជាឲ្យជំនាញបង្ក្រាបទាំងឈើ ទាំងគ្រឿងញៀនតែម្ដង។
នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តការបង្ក្រាបគ្រឿងញៀននោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៣នាក់ យកមកសួរនាំ ក្នុងនោះមានស្រីចំនួន៧ ប្រុសចំនួន៦នាក់ ព្រមទាំងរឹបអូសវត្ដុតាងបានថ្នាំញៀនចំនួន៤កញ្ចប់ធំតូច និងថ្នាំញៀនប្រភេទគ្រាប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១៣នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីសួរនាំតាមនីតិវិធីច្បាប់។
មន្រ្តីរដ្ឋបាលព្រៃឈើសង្កាត់ថ្មក្រែ បានឲ្យដឹងថា ទីតាំងស្តុកឈើនោះ គឺក្រុមឈ្មួញបានដឹកជញ្ជូនយកមកអារជ្រៀក យកមកកែច្នៃ ដើម្បីលក់បន្ដ ហើយទាំងនោះជាឈើប្រណិតប្រភេទ ធ្នង់ ជាច្រើនម៉ែត្រ ត្រូវកម្លាំងរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើខ្សា ដើម្បីបំពេញនិតិវិធរបស់រដ្ឋបាលព្រៃឈើ៕