(ភ្នំពេញ)៖ មេចុងភៅ ជនជាតិបារាំងដ៏ល្បីល្បាញលំដាប់ផ្កាយពីរ និងជាម្ចាស់ជយលាភីពានរង្វាន់ពិភពលោក មកពី ទីក្រុងលីយ៉ុង ប្រទេសបារាំង នឹងមកបង្ហាញមុខម្ហូបល្បីៗ ប្លែក ឈ្ងុយឆ្ងាញ់ ប្រកបដោយពិភពនូវរសជាតិ ច្នៃប្រឌិតខ្ពស់នៅភោជនីយដ្ឋាន TOPAZ (តូប៉ាហ្ស) នៅថ្ងៃទី១២តុលាស្អែកនេះ ។

ភោជនីយដ្ឋាន TOPAZ បានអញ្ជើញមេចុងភៅលំដាប់ផ្កាយពីរ គឺលោកហ្គី ឡាសូសេ(Guy Lassausaie) ដែលជាមេចុងភៅទទួលបានមេដាយ Michelin stars លេខពីរ មកបង្ហាញនូវមុខម្ហូបចំនួនប្រាំពីរមុខ សម្រាប់អាហារពេលល្ងាច ដោយមានបន្ថែមជាមួយនិងស្រាជាច្រើនប្រភេទ ហើយក្នុងមុខម្ហូបទាំងអស់សុទ្ធសឹងតែជាម្ហូប ដែលត្រូវបានទទួលស្គាល់ ពាសពេញពិភពលោកផងដែរ។

ចុងភៅ Guy Lassausaie ដែលមានវ័យអាយុ៥៦ឆ្នាំ មកពីទីក្រុងលីយ៉ុង ខេត្តចាសេលី( Chasseley) នៃប្រទេសបារាំង ហើយក៏ជាកន្លែងដែលលោកជាម្ចាស់ និងជាមេចុងភៅ របស់ភោជនីយដ្ឋានផ្ទាល់ ដែលលោកត្រូវបានបង្កើតឡើងដោយបុព្វបុរសដូនតារបស់លោកក្នុងឆ្នាំ១៩០៦ ។លោកបានរៀបចំភោជនីយដ្ឋាននេះ សារជាថ្មី ក្នុងឆ្នាំ១៩៨៤ ក្រោមការដឹកនាំដ៏រីកចម្រើនរបស់លោក ហើយលោកបានឈ្នះពានរង្វាន់ជា Michelin star លើកដំបូង ក្នុងឆ្នាំ១៩៩៤ ហើយលើកទីពីរក្នុងឆ្នាំ២០០៩។

លោក Guy Lassausaie ជាគំរូដល់អ្នកដែលប្រាថ្នាចង់ក្លាយជាមេចុង ដែលមានតុល្យភាព ក្នុងការបង្កើតនូវភាពច្នៃប្រឌិត ជាមួយនិងទំនៀមទំលាប់ ដែលលោកយាយរបស់លោកបានបង្ហាត់បង្ហាញ ហើយលោកគឺជាអ្នកជំនាញដ៏ពិតប្រាកដ មិនត្រឹមតែតាមទំនៀមទំលាប់របស់មុខម្ហូបបារាំងបែបបុរាណប៉ុណ្ណោះទេ ប៉ុន្តែលោកបានស្រាវជ្រាវនិងស្វែងរកនូវបទពិសោធន៍ជាច្រើន ជុំវិញពិភពលោកផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកនឹងធ្វើដំណើរទៅខេត្តកំពត ដើម្បីស្វែងយល់អំពីគ្រឿងទេស ដ៏មានតម្លៃរបស់ប្រទេសកម្ពុជា ។មេចុងភៅលំដាប់ផ្កាយរូបនេះ នឹងបង្ហាត់បង្ហាញ ក៏ដូចជាពន្យល់អំពីម្ហូបរបស់លោក ដែលមានខ្លឹមសារថា «បុគ្គលិកលក្ខណ: ទេពកោសល្យ របស់មេចុងភៅ ជាក្រុម ដែលអាចមើលឃើញនូវជំនាញខាងផ្នែកច្នៃមុខម្ហូបអាហារ ដែលសម្រិតសម្រាំង ដោយគំនិតច្នៃប្រឌិត ឬពេលខ្លះ ក៏អាចយកមុខម្ហូបដើមមកច្នៃផងដែរ»។

លោក Lassausaie បានសិក្សាក្នុងសាលាជំនាញផ្នែកសណ្ឋាគារ Saint Chamond មុននឹងចាប់ផ្តើមអាជីពជាអ្នកចំអិនអាហារ ក្នុងភោជនីយដ្ឋានល្បីៗក្នុងប្រទេសបារាំងមានដូចជា: La Pyramide ត្រូវបានបង្កើតឡើងដោយលោក Fernand Point ដែលត្រូវបានគេទទួលស្គាល់ថា ជាមេចុងភៅលំដាប់ពិភពលោកផ្កាយបី ជាពានរង្វាន់ ដែលទទួលបានការកោតសរសើរដ៏យូរអង្វែង សម្រាប់ភោជនីយដ្ឋានផ្សេងៗ ។នៅអាយុ៥៦ឆ្នាំ លោកមេចុងភៅលំដាប់ពិភពលោកMichelin star ត្រូវបានទទួលស្គាល់យ៉ាងខ្លាំង បន្ទាប់ពីលោកបានទទួលពានរង្វាន់ ក្នុងចំណោមភោជនីយដ្ឋាន នៅជុំវិញពិភពលោក។

លោកអាណូត ដាក( Arnaud DARC) អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ថាលាស និងជាសហស្ថាបនិក ដែលបានបង្កើតភោជនីយដ្ឋាន TOPAZ ដំបូងក្នុងឆ្នាំ១៩៩៧ បានថ្លែងថា" នេះជាលើកទីមួយ សម្រាប់ភោជនីយដ្ឋានយើង និងជាកម្មវិធីដ៏កម្រមួយ ក្នុងទីក្រុងភ្នំពេញ ដែលយើងអាចអញ្ជើញអ្នកដែលល្បីល្បាញ និងប៉ិនប្រសព្វដូចជា លោកGuy Lassausaie ដើម្បីមកបង្ហាញពីជំនាញ ក៏ដូចជាបង្ហាត់បង្រៀន ដល់ក្រុមមេចុងភៅ ក្នុងភោជនីយដ្ឋាន TOPAZ ហើយនេះ ក៏ជាការបង្ហាញឲ្យឃើញថា ទីក្រុងភ្នំពេញសព្វថ្ងៃ កំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។

លើសពីនោះ ខណៈពេលដែលមេចុងភៅ Lassausaie ស្នាក់នៅកម្ពុជា លោកនឹងធ្វើការងារយ៉ាងជិតស្និទ្ធិ ជាមួយនិងលោកមេចុងភៅប្រចាំភោជនីយដ្ឋាន TOPAZ លោក ពៅ សុភ័ក្រ្ត និងសហជីវិន សហជីវីនី របស់លោកផងដែរ ហើយលោកនឹងចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងនិងគំនិតផ្សេងៗ។ ដូច្នេះក្រុមសហជីវិន សហជីវីនីរបស់ភោជនីយដ្ឋានតូប៉ាហ្សទាំងមូល និងបន្តខិតខំពង្រឹងបន្ថែម នូវសមត្ថភាពរបស់ពួកគេ។

សូមទស្សនា មុខម្ហូបខ្លះៗ ដែលលោកមេចុងភៅលំដាប់ផ្កាយពីរពិភពលោក Lassausaie គ្រោងនឹងបង្ហាញនូវមុខម្ហូបពិសេសៗ នៅក្នុងភោជនីយដ្ឋាន TOPAZ ដែលជារូបមន្ត និងជាចំណុចពិសេស ដែលធ្វើឱ្យលោកក្លាយជាអ្នកល្បីល្បាញ ដោយមុខម្ហូបនៅក្នុងពេលនោះ មានដូចជាការរួមបញ្ចូលស្ទីលពងមាន់ បាហ្គាន់ឌី ជាមួយភ្លៅកង្កែប និងផ្សិតប៉ូឆីនី និងពពុះខ្ទឹមសបំពង រួមជាមួយនិងម្ហូបពិសេសៗជាច្រើនមុខទៀត៕