(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យ នៅក្នុងការបើកគម្រោងចំនួន៤ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន​បុរីមង្គលភ្នំពេញ បានដាក់ចេញនូវគម្រោងថ្មីមួយទៀត ដែលជាគម្រោងទី៥ នៅតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងថ្មីៗនេះ នឹងបើកលក់ក្នុងពេលឆាប់ៗនេះ ជាមួយនឹងប្រភេទផ្ទះជាច្រើនម៉ូត។

លោក អាន រ៉ាឌី អគ្គនាយកក្រុមហ៊ុន បុរីមង្គលភ្នំពេញ បានថ្លែងថា បុរីមង្គលភ្នំពេញមានបទពិសោធន៍ផ្នែកអភិវឌ្ឍលំនៅដ្ឋានជាង១០ឆ្នាំមកហើយ ហើយបានកែប្រែខ្លួនក្លាយទៅជាការអភិវឌ្ឍបែបបុរី គឺចាប់ផ្តើមតាំងពីឆ្នាំ២០១១មក។ សម្រាប់គម្រោងកន្លងមក យើងបានដំណើរការយ៉ាងជោគជ័យ ដោយគម្រោងទី១បានលក់អស់ និងសាងសង់រួចជាស្ថាពរ មានវត្តមាននៅជិតផ្សារទួលសង្កែ ឯគម្រោងទី២ដែលសាងសង់រួចរាល់ និងលក់អស់ផងដែរ គឺមានទីតាំងនៅវាលស្បូវ។

លោកបានបន្តថា គម្រោងទាំង២ខាងលើ គឺសុទ្ធតែមានប្រជាជនរស់អូរអរបន្ទាប់ពីសាងសង់រួច។ បច្ចុប្បន្នក្រុមហ៊ុនមាន២គម្រោងកំពុងតែដំណើរការសាងសង់ និងលក់ដូចជាគម្រោងទី៣ និងទី៤ ដែលសុទ្ធតែនៅជិតផ្សារទួលសង្កែ។ គម្រោងទី៣រហូតមកទល់នឹងលក់និងសាងសង់ហើយស្ទើរតែ១០០%ទៅហើយ ឯគម្រោងទី៤ដែលទើបតែចាប់ផ្តើមដំណើរការនេះក៏បានប្រហែល៧៥%ផងដែរ។

លោកអាន រ៉ាឌី បានបន្តទៀតថា តម្រូវការលំនៅដ្ឋានស្ថិតក្រោមម៉ាកសញ្ញាមង្គលភ្នំពេញកាន់តែកើនឡើង ដែលជាសញ្ញាមួយដ៏ល្អ និងជាកម្លាំងជំរុញទឹកចិត្ត ឱ្យយើងវិនិយោគ គម្រោងថ្មីមួយទៀត ដែលជាគម្រោងទី៥ ដែលនឹងចាប់ផ្តើមបើកលក់ក្នុងពេលឆាប់ៗខាងមុខនេះ។ គម្រោងទី៥នេះ គឺមានទីតាំង នៅតាមបណ្តោយ ផ្លូវជាតិលេខ១ ប្រហែល១០នាទីប៉ុណ្ណោះពីស្ពានច្បារអំពៅ។

លោកបានបន្តទៀតថា យើងមានទំនុកចិត្តខ្ពស់ថា នឹងជោគជ័យដូចគម្រោងមុន ដោយសារតែទីនោះគឺជាទីតាំងដែលមានសក្តានុពលខ្ពស់ មានហេដ្ឋារចនាសម្ព័ន្ធល្អ ជាទីមនោរម្យក្នុងការរស់នៅ និងជាទឹកដីត្រជាក់ត្រជុំ។ បន្ទាប់ពីការស្ថាបនាផ្លូវជាតិលេខ១ដ៏រឹងមាំដោយជប៉ុនរួចហើយ ទីនោះក្លាយជាតំបន់ ដ៏ស៊ីវីល័យមួយដែលមានហាងទំនើបៗចាប់ផ្តើមបើកហូរហែរ មិនតែប៉ុណ្ណោះវាស្ថិតនៅជិតតំបន់រមណីដ្ឋាននានា និងងាយស្រួលក្នុងការធ្វើដំណើរ ទៅតាមបណ្តាខេត្តនានាផងដែរ។

លោកជឿជាក់ថា ការអភិវឌ្ឍមួយនេះនឹងជោគជ័យដោយសារតែសន្ទុះកំណើនសេដ្ឋកិច្ច៧%ជារៀងរាល់ឆ្នាំ គឺជាកំណើនដ៏រឹងមាំមួយសម្រាប់ប្រទេសកម្ពុជា ដែលជាសញ្ញាវិជ្ជមានក្នុងការវិនិយោគទៅលើវិស័យលំដ្ឋាន ជាពិសេសលំនៅដ្ឋានដែលមានស្តង់ដារខ្ពស់ និងមានសោភ័ណភាព ដូចដែលយើង បានធ្វើកន្លងមក៕