(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំមន្រ្តី និងគ្រឿងចក្រកាយប្រឡាយទួលពង្រ និងប្រឡាយព្រែកហា ស្ថិតនៅតាមបណ្តោះផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជៀសការលិចលង់ ដែលបានកើតឡើងជាប្រចាំនៅមុខសាលាក្តីខ្មែរក្រហម។

លោក សាំ ពិសិដ្ឋ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីអន្តរាគមន៍ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៩ ខែតុលា លោកបានបញ្ជូនគ្រឿងចក្រអេស្កាវ៉ាទ័រចំនួន៤គ្រឿង រថយន្តដឹកចំនួន៣គ្រឿង ជីកស្តារប្រឡាយទួលពង្រ និងព្រែកហា ដោយទឹកបានស្រកជាច្រើនកន្លែង ពិសេសនៅតំបន់មុខសាលាក្ដីខ្មែរក្រហម តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក សំា ពិសិដ្ឋ បានបញ្ជាក់ថា គ្រឿងចក្រអេស្កាវ៉ាទ័រចំនួន៤គ្រឿង រថយន្តដឹកចំនួន៣គ្រឿង ជីកស្តារប្រឡាយទួលពង្រ និងប្រឡាយព្រែកហា គិតត្រឹមម៉ោងជិត៦ល្ងាចកាលពីថ្ងៃទី១០ ខែតុលា ស្ថានភាពទឹកលិចនៅតំបន់ភូមិសាស្ត្រភូមិព្រៃល្វា ភូមិត្រពាំងរំចេក ភូមិទួលពង្រ ភូមិត្រពាំងថ្លឹង ភូមិព្រៃសណ្តែក ភូមិក្រាំងដូនទៃ ភូមិកាប់គង ក្នុងសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទឹកបានស្រកពី០.២ម៉ែត្រទៅ០.៤ម៉ែត្រ និងកំពុងបន្តស្រក។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តទៀតថា «ប្រឡាយទួលពង្រនេះ ត្រូវស្ដារពីភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ខណ្ឌដង្កោ ត្រង់ស្ពានភូមិម័លមានចំងាយជិត៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខណ្ឌចំនួន៣ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌដង្កោ។ ការកាយស្ដារប្រឡាយទួលពង្រនេះ គិតចាប់ពីល្ងាចថ្ងៃទី៩ ខែតុលា មកដល់ថ្ងៃទី១១ ខែតុលានេះ បានប្រវែងជិត១គីឡូម៉ែត្រហើយ និងបន្តស្ដាររហូតដល់ប្រឡាយភូមិម័ល»។

លោកបន្តថា កាលពីថ្ងៃទី១០ ខែតុលា ទឹកបានស្រក នៅចំណុចខាងលើកន្លែងខ្លះ៣តឹក និងកន្លែងខ្លះ៤តឹក ធ្វើឱ្យទឹកលិចនៅតំបន់ផ្លូវជាតិលេខ៤ និងមុខសាលាក្ដីខ្មែរក្រហម ក៏ប៉ុន្តែកាលពីយប់ថ្ងៃទី១០ ខែតុលានេះ ដោយភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យជំនន់ទឹកភ្លៀង នៅខេត្តកំពង់ស្ពឺ ឡើងធ្វើឱ្យទឹកនៅស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រភ្នំពេញ ឡើងដល់កំពស់៨តឹក ធ្វើឱ្យទឹកលិចនៅផ្លូវជាតិលេខ៤ និងមុខសាលាក្ដីខ្មែរក្រហមឡើងវិញ នៅព្រឹកថ្ងៃទី១១ ខែតុលានេះ៕