(ភ្នំពេញ)៖ ក្រោយពីប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីប្រមាណជាង ៥០០០នាក់ជិះរថយន្តក្រុងសាធារណៈ ដោយមិនគិតថ្លៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបន្តអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញ ទាំងនោះ ទទួលបានសេវាថែទាំ និងពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋនានា ដោយមិនចាំបាច់បង់ថ្លៃផងដែរ។

ការថ្លែងផ្តល់កាដូថ្មីមួយទៀតសម្រាប់អត្តពលិកជំនាញកម្ពុជានេះ គឺត្រូវបានធ្វើឡើងនៅពេលដែលសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងរោងចក្រនៅផ្លូវវ៉េងស្រេងចំនួន ១៤៤០០នាក់នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧ នេះ។

ការប្រកាសផ្តល់កាដូជាលើកទី២ សម្រាប់កីឡាករ-កីឡាការិនីជំនាញនេះ ក៏ត្រូវបានធ្វើឡើងក្រោយពីមានការស្នើសុំពី សំណាក់អត្តពលិកជំនាញ ដែលមានការទទួលស្គាល់ជាក់លាក់ពីសហព័ន្ធ និងគណៈកម្មាធិការជាតិអូឡាំពិកផងដែរ ក្នុងការចេញបណ្ណសំខាន់ ដើម្បីទទួលបានសេវាជិះឡាក្រុងសាធារណរបស់ សាលារាជធានីភ្នំពេញ ជាមួយនឹងសេវាថែទាំ និងពិនិត្យសុខភាព ដោយមិនចាំបាច់បង់ថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនានាដូចជាកម្មករ-កម្មការិនី ផងដែរ៕