(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី ក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះថា មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមី បានបន្តរកឃើញទីតាំងគ្រាប់បែកគីមី ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក កើតឡើងរហូតដល់១១ទីតាំងថ្មីថែមទៀត ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ឯកបន្តថា ក្រោយបញ្ចប់ប្រតិបត្តិការដោះគ្រាប់បែកគីមីក្នុងវត្តគគីរ និងសាលាបឋមសិក្សាគគីរ រួមមាននោះ មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមី បានបន្តប្រតិបត្តិការដោះគ្រាប់បែក នៅទៅតាំងដទៃផ្សេងទៀត ដោយពេលនេះ មន្ត្រីស៉ីម៉ាក់ចាប់ផ្តើមសម្អាតទីតាំង និងបោះបង្គោលបញ្ជាក់ថា កន្លែងនៅមានគ្រាប់បែក ឲ្យប្រជាពលរដ្ឋកុំប៉ះពាល់ និងទៅជិត។

លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា «គិតត្រឹមរសៀលថ្ងៃទី១១ ខែតុលានេះ មន្ត្រីជំនាញបានរកឃើញគ្រាប់បែកទីតំាងថ្មី ក្រៅពីទីតាំងប្រតិបត្តិការមុនរហូតដល់១១ទីតាំង ដែលអាចមានគ្រាប់បែបចំនួន១៤គ្រាប់»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែតុលានេះ បានថ្លែងដោយបញ្ជាឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យ និងស្រាយជ្រាវពីបញ្ហាផលប៉ះពាល់ ដល់សុខភាព របស់ប្រជាពលរដ្ឋឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលរស់នៅរាប់សិបឆ្នាំមកហើយ ជាមួយនឹងគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក។

ការថ្លែងបញ្ជាពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ២ម៉ឺននាក់ មកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមឲ្យឯកឧត្តម ម៉ម ប៊ុនហេង ខាងក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវនៅក្នុងតំបន់នោះ (ឃុំគគីរ)។ យើងទើបតែនឹងរកឃើញគ្រាប់បែកគីមី នៅខែមករា កន្លងទៅនេះទេ យើងបានរស់នៅជាមួយអាវុធគីមីនេះ រយៈពេលជាង៤០ឆ្នាំមកហើយ បើគិតតាំងពីពេលដែលគេទម្លាក់។ តើសុខភាពប្រជាពលរដ្ឋនៅតំបន់នេះ យ៉ាងម៉េច? កូនកើតឡើងវាយ៉ាងម៉េច ? ត្រូវស្រាវជ្រាវបញ្ហានេះ វាជាផលប៉ះពាល់មួយ ហើយអាវុធគីមីគឺជាអាវុធប្រល័យលោក ដែលគេបានប្រើនៅក្នុងកម្ពុជា»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថា គ្រាប់បែកគីមី ដែលជាគ្រាប់បែកប្រល័យលោករបស់អាមេរិកទម្លាក់ សម្លាប់ប្រជាជនកម្ពុជានេះ មិនមែនមាននៅតែខេត្តស្វាយរៀងប៉ុណ្ណោះទេ គ្រាប់បែបប្រល័យលោកនេះ មាននៅខេត្តដទៃទៀតរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងកំឡុងឆ្នាំ១៩៧០ អាមេរិកបានប្រើប្រាស់គ្រាប់បែកគីមីនេះ ដើម្បីធ្វើឲ្យស្លឹកឈើជ្រុះ ងាយស្រួលមើលឃើញពួកយៀកកុង និងកងទ័ពតស៊ូ ពេលនោះពួកគេអាចធ្វើទៅរួច ដោយគ្មានគិតអំពើសិទ្ធិមនុស្សឡើយ៕