(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា យើងជាខ្មែរ មិនចង់បានប្រជាធិបតេយ្យ ដែលមានគណបក្សចរិតឧទ្ទាមទេ។ ការលើកឡើងរបស់ លោក ផៃ ស៊ីផាន បានធ្វើឡើងក្នុងឱកាសផ្តល់កិច្ចសម្ភាសដល់អ្នកកាសែតបរទេសមួយ នាថ្មីៗនេះ។

ខាងក្រោមនេះជាទស្សនៈទាំងស្រុងរបស់ លោក ផៃ ស៊ីផាន៖ «ចម្លើយរបស់ខ្ញុំចំពោះសំណួររបស់អ្នកសារព័ត៌មានបរទេស ដែលបានលើកឡើងថា «បំណងរំលាយគណបក្សសង្រ្គោះជាតិ គឺជាការរំលាយលទ្ធិប្រជាធិបតេយ្យកម្ពុជា» និងជាការភ័យខ្លាចរបស់គណបក្សប្រជាជនចំពោះលទ្ធផល នៃជ័យជំនះដែលមានភាពប្រកិតគ្នារបស់គណបក្សសង្គ្រោះជាតិ?»

* នោះបើខ្ញុំរំលឹកដល់ពាក្យជាយុទ្ធសាស្រ្តរបស់សេចក្តីថ្លែងការណ៍បោកប្រាស់ របស់អង្គការមិនមែនរដ្ឋាភិបាល នៅក្រៅប្រទេសដែលមាន និន្នាការប្រឆាំងជាចំហរ និងរាជារដ្ឋាភិបាលដែលជ្រើសរើស គាំទ្រភាគច្រើនបំផុតរបស់ប្រជាពលរដ្ឋខ្មែរតាមរយៈការបោះឆ្នោតនាអាណិត្តទី១ ដែលមានប្រជាពលរដ្ឋជាង៩០%ចូលរួមនោះ គឺអង្គការនៅបរទេសទាំងអស់នោះបានផ្សព្វផ្សាយ ជារបាយការណ៍ចំហរថា “កម្ពុជាពុំដែលមាន លទ្ធិប្រជាធិតេយ្យម្តងណាឡើង” ហេតុដូចនេះ កម្ពុជាគឺមិនឋិតនៅក្នុងឥទ្ធិពល នៃហេតុការណ៍វាយតម្លៃពីមុខក្រុមបរទេសទាំងនោះទេ ត្បិតរបាយការណ៍ទាំងនោះជារបាយការណ៍វិទ្ធង្សនា ប្រឆាំងនិងរាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល។

គេបានបំផុសនិងបង្កើតអោយមានការយល់ដឹងជាសាធារណៈនូវពាក្យយុទ្ធនាការក្នុងការបំផ្លាញលទ្ធផលនៃការបោះឆ្នោតរបស់កម្ពុជានិងជាយុទ្ធសាស្រ្តអោយឃ្លាតឆ្ងាយពីនីតិរដ្ឋរបស់កម្ពុជា ដើម្បីជាផលប្រយោជន៍ការជ្រែតជ្រែកផ្ទៃក្នុងកម្ពុជាដោយប្រើពាក្យគន្លឹះ «សេរី យុត្តិធម៌ និង ទទួលយកបាន» ពង្វាង ឬ ឆក់ប្លន់ នូវការសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធនិងកាតព្វកិច្ចទទួលខុសត្រូវលើជោគវាសនារបស់ពួកគេ។ អាស្រ័យហេតុដូចនេះ ជនណាឬ អង្គការណាដែលយកពាក្យគន្លឹះជាយុទ្ធសាស្រ្តនេះ មកធ្វើជាយុទ្ធនាការគឺជាសញ្ញានៃការលូកលាន់ផ្ទៃក្នុងនៃដែនអធិបតេយ្យកម្ពុជា អូសទាញ ពីការអនុវត្តពេញលេញនូវច្បាប់នៃការបោះឆ្នោតរបស់កម្ពុជា និងស្ថាប័នគ្រប់គ្រង ដោះស្រាយនូវវិវាទដែលកម្ពុជាពាក់ព័ន្ធនិងការបោះឆ្នោតនៅកម្ពុជានេះឯង នេះជាទិដ្ឋភាពទីមួយ។

* ទិដ្ឋភាពទី២ អ្វីដែលកម្ពុជាជួបប្រទះ និងរាជរដ្ឋាភិបាលជាមួយនឹងគណបក្សនយោបាយខ្មែរដទៃទៀត ប្រាថ្នាគឺការគោរពឱ្យបានពេញលេញ នូវការអនុវត្តន៍ច្បាប់ដែលកម្ពុជាមាន និងបំណងបន្ថែមនូវប្រសិទ្ធិភាពនៃការបង្រួបបង្រួមជាតិនិងសេរីពហុបក្ស។ ជាឧទាហរណ៍ជាក់ស្តែង ការលះបង់ និងភាពនាំមុខ ក្នុងការបង្រួបបង្រួមជាតិនៅក្នុងឋានានុក្រមកិត្តិយស ជាមួយនឹងរាជរដ្ឋាភិបាលគឺ ប្រធាន CNRP ទទួលបានសិទ្ធិនិងផលប្រយោជន៍ ជាដៃគូពិភាក្សាស្មើនឹង “នាយករដ្ឋមន្ត្រី” ភាពជាដៃគូរនៅក្នុងស្ថាប័នសភា អនុប្រធានCNRP គឺទទួលបាននូវកិត្តិយស មានន័យថានោះជាអនុប្រធានសភា។ ហើយនៅក្នុងលក្ខណៈជាគ្រួសារក៏មានការហូបបាយសាមគ្គីរវាងគ្រួសារ សម្តេចតេជោ និងគ្រួសាររបស់ប្រធានគណបក្សCNRPផងដែរ។ នៅក្នុងលក្ខខណ្ខនេះ មិនត្រឹមតែការបំពេញនិងការអនុវត្តវប្បធម៌សន្ទនានៅក្នុងការពង្រឹងនៃការបង្រួបបង្រួមជាតិដែលជាការប្រឹងប្រែងរបស់សម្តេចតេជោ ក៏ប៉ុន្តែប្រធានគណបក្សនេះ នៅតែបន្តចរិតនិងវប្បធម៌ឧទ្ទាមដែល មានមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាល និងចងគំនុំជាមួយនឹង សម្តេចតេជានាយករដ្ឋមន្ត្រី ដែលកើតចេញពីលទ្ធិប្រជាធិតេយ្យ ក៏ដូចជាគ្រួសាររបស់សម្តេចតេជោផងដែរ។

ក្រុមនោះនូវតែបន្តនិងពង្រឹងយ៉ាងសកម្មនូវការពង្វក់និងបណ្តុះស្មារតីឧទ្ទាមនិយមក្នុងក្រុមរបស់ខ្លួនដែលញុះញង់បំបែកបំបាក់សង្គមខ្មែរអោយក្លាយជាខ្មាំងសត្រូវជាមួយនិងគ្នារៀងៗខ្លួន ពីក្រុមតូចរហូតដល់ក្រុមធំនៃសង្គមជាតិទាំងមូល។

ករណីជនជាប់បន្ទុកនៃការសង្ស័យពីបទក្បត់ជាតិ កឹម សុខា ដែលកំពុងស្ថិតនៅក្នុងការឃុំឃាំង ដែលជាដំណើរការរបស់តុលាការនោះពលរដ្ឋកម្ពុជាបានដឹងគ្រប់ៗគ្នានៃភស្តុតាងរឹងមាំ និងរស់រវើកដែលបង្ហាញថាជាជនជាប់បន្ទុករូបនេះ គឺបានបំពាននិងច្បាប់កម្ពុជាក្នុងការស៊ុមគ្រលុំ ជាមួយនិងបរទេស ដែលបង្កអោយមានស្ថានភាពវឹកវរ បះបោរក្នុងរូបភាពបដិវត្តន៍ព័ណ៌ មិនគោរពទទួលស្គាល់ច្បាប់ដែលជាឆ្អឹងខ្នងនៃលទ្ធិប្រជាធិបតេយ្យ ព្រមជាមួយនិងស្ថាប័នប្រជាធិបតេយ្យប្រឆាំងបំពាននិងដាក់សម្ពាធលើតួនាទី របស់ព្រះមហាក្សត្រជាទីសក្ការៈជាដើម។
ការញុះញង់បង្កបង្កើតជាចលនាមហាជនក្នុងការកសាងកម្លាំងឧទ្ទាមក្នុងក្រុងមានសកម្មភាពកុបកម្មហឹង្សា ដែលជាសុបិន្តអាក្រក់របស់ប្រជាពលរដ្ឋខ្មែរ ដែលលោកមុតមាំស្រឡាញ់សន្តិភាព សន្តិសុខ និងការរីកចម្រើនទោះជាក្នុងលក្ខណៈសង្គមក្តី ក៏ដូចជាឯកជនផងដែរ។