(ព្រះវិហារ)៖ កម្លាំងរាជអាវុធហត្ថខេត្តព្រះវិហារ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតបានថ្នាំញៀនចំនួន២៣កញ្ចប់តូច និង២កញ្ចប់ធំ ស្ថិតនៅចំណុចភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងកងអាវុធហត្ថស្រុកជាំក្សាន្ត ចំនួន៩នាក់ ដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ កងរាជអាវុធហត្ថស្រុកជាំក្សាន្តបានឆ្មក់ទៅបង្ក្រាបបានមុខសញ្ញាចែកចាយ នឹងរក្សាទុកសារធាតុញៀនបានចំនួន៣នាក់ និងធ្វើការឆែកឆេលំនៅដ្ឋានដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន២៣កញ្ចប់តូច និង២កញ្ចប់ធំ។
វត្ថុតាងដកហូតបានរួមមាន៖ លុយខ្មែរចំនួន២៤,៦០០០រៀល, ទូរសព្ទដៃ៣គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១, ម៉ូតូ២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបន្តថា ជនសង្ស័យដែលកម្លាំងកងរាជអាវុធឃាតបានទី១៖ ឈ្មោះ សាង បុទុម ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ, ទី២៖ ឈ្មោះ ជៀម ចិត្ត អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាដក, និងទី៣៖ ឈ្មោះ សួ រស្មី អាយុ២៥ មុខរបរមិនពិតប្រាកត អ្នកទាំង៣រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវកងរាជអាវុធហត្ថខេត្តព្រះវិហារ កសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការដំបូង ចាត់ការតាមនីតិវីធីច្បាប៕