(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែតុលានេះ បានថ្លែងដោយបញ្ជាឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យ និងស្រាយជ្រាវពីបញ្ហាផលប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលរស់នៅរាប់សិបឆ្នាំមកហើយ ជាមួយនឹងគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក ខណៈដែលមន្រ្តីជំនាញរកឃើញគ្រាប់បែកគីមីជាច្រើនកន្លែងផ្សេងទៀតរហូតដល់៩កន្លែង។

ការថ្លែងបញ្ជាពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ២ម៉ឺននាក់ មកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមឲ្យឯកឧត្តម ម៉ម ប៊ុនហេង ខាងក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវនៅក្នុងតំបន់នោះ (ឃុំគគីរ)។ យើងទើបតែនឹងរកឃើញគ្រាប់បែកគីមី នៅខែមករា កន្លងទៅនេះទេ យើងបានរស់នៅជាមួយអាវុធគីមីនេះ រយៈពេលជាង៤០ឆ្នាំមកហើយ បើគិតតាំងពីពេលដែលគេទម្លាក់។ តើសុខភាពប្រជាពលរដ្ឋនៅតំបន់នេះ យ៉ាងម៉េច? កូនកើតឡើងវាយ៉ាងម៉េច ? ត្រូវស្រាវជ្រាវបញ្ហានេះ វាជាផលប៉ះពាល់មួយ ហើយអាវុធគីមីគឺជាអាវុធប្រល័យលោក ដែលគេបានប្រើនៅក្នុងកម្ពុជា»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានថ្លែងស្វាគមន៍ ចំពោះមន្ត្រីជំនាញផ្នែកអាវុធគីមី របស់សហរដ្ឋអាមេរិក ដែលបានចូលក្នុងការបោសសម្អាតគ្រាប់បែកគីមីរបស់អាមេរិក នៅក្នុងឃុំគគីរ ខេត្តស្វាយរៀង ដែលត្រូវបានមន្ត្រីជំនាញរកឃើញរហូតដល់៩ទីតាំង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថា គ្រាប់បែកគីមី ដែលជាគ្រាប់បែកប្រល័យលោករបស់អាមេរិកទម្លាក់ សម្លាប់ប្រជាជនកម្ពុជានេះ មិនមែនមាននៅតែខេត្តស្វាយរៀងប៉ុណ្ណោះទេ គ្រាប់បែបប្រល័យលោកនេះ មាននៅខេត្តដទៃទៀតរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងកំឡុងឆ្នាំ១៩៧០ អាមេរិកបានប្រើប្រាស់គ្រាប់បែកគីមីនេះ ដើម្បីធ្វើឲ្យស្លឹកឈើជ្រុះ ងាយស្រួលមើលឃើញពួកយៀកកុង និងកងទ័ពតស៊ូ ពេលនោះពួកគេអាចធ្វើទៅរួច ដោយគ្មានគិតអំពើសិទ្ធិមនុស្សឡើយ។

សូមជម្រាបថា មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមរបស់ក្រសួងការពារជាតិ បាន និងកំពុងបន្តប្រតិបត្តិការងារ ដោះគ្រាប់បែកគីមីប្រល័យលោក របស់សហរដ្ឋអាមេរិក នៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បន្ទាប់ពីបញ្ចប់ប្រតិបត្តិការដោះគ្រាប់បែកគីមីចំនួន២គ្រាប់ ក្នុងវត្តគគីរ និងសាលាបឋមសិក្សាគគីរ ដោយរកឃើញមួយគ្រាប់ ខណៈ១គ្រាប់ទៀតអាចនឹងកប់ក្រោមអគារព្រះវិហារ។

យ៉ាងហោចមានប្រជាពលរដ្ឋ១០នាក់ ត្រូវបានស៉ីម៉ាក់អះអាងថា បានរងគ្រោះដោយសារគ្រាប់បែកគីមីនេះ រហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យ៨នាក់ នៅពេលដែលពួកគាត់បានកាយដីប៉ះគ្រាប់បែក ក្នុងចំការដំឡូងមី ក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក។ បច្ចុប្បន្នប្រជាពលរដ្ឋ៣នាក់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅឡើយ៕