(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានជំរុញឲ្យស្រទាប់យុវវ័យពិសេសយុវជន ត្រូវងាកមកលេងកីឡា ប្រសើរជាងយកពេលវេលាទៅប្រព្រឹត្តរឿងអត់ប្រយោជន៍ ពិសេសរឿងដែលផ្ទុយនឹងច្បាប់ ដើម្បីសុខភាពរបស់ខ្លួន។ លោកថ្លែបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញបើកការប្រកួតបាលទាត់ជ្រើសរើសជើងឯកដណ្តើមពានរង្វាន់អភិបាលខេត្តព្រះវិហារ ប្រចាំឆ្នាំ២០១៧ នៅក្នុងបរិវេណពហុកីឡាដ្ឋានខេត្ត នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បានបន្តថា «វិស័យកីឡានៅក្នុងប្រទេសយើងបច្ចុប្បន្ន ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់លើកកម្ពស់សព្វបែបយ៉ាង ក្នុងទិសដៅលើកកិត្តិយស ប្រជាពលរដ្ឋក៏ដូចជា ប្រទេសជាតិផងដែរ លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានបំផុសឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ពីបញ្ហាសុខភាពត្រូវលេងកីឡាឲ្យបានគ្រប់ៗគ្នា»

ជាមួយគ្នានេះដែរលោកអភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរត្រូវរៀបចំនៅតាមទីសាធាណៈនានា ជាកន្លែងកីឡាដើម្បីឲ្យប្រជាពលរដ្ឋចូលរួមលេងលើកកម្ពស់សុខភាព។

នៅក្នុងឱកាសនោះដើម្បីលើទឹកចិត្តដល់ក្រុមកីឡាករកដូចជាគណៈកម្មការរៀបចំការប្រកួតបានឧបត្ថម្ភថវិការដល់កីឡាករដែលត្រៀមចូលរួមប្រកួតមាន១៧ក្រុម ក្នុង១ក្រុមទទួលបានថវិការចំនួន២០ម៉ឺនរៀល​ និងគណៈកម្មការរៀបចំការប្រកួតនូវថវិការចំនួន៨០ម៉ឺនរៀល៕