(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Richard Yim វិស្វករផលិត ម៉ាស៊ីនដោះមីន (Demine Robotic) ដែលជាកូនខ្មែរសិក្សា នៅប្រទេសកាណាដា ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការបង្កើតម៉ាស៊ីនដោះមីន និងការបន្តការគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន។

លោកទេសរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះ លោក Richard Yim ដែលជាយុវជនខ្មែរដ៏ឆ្នើម បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មគ្រឿងចក្រនៅសាកលវិទ្យាល័យ Waterloo ប្រទេសកាណាដា និងមានគំនិតច្នៃប្រឌិតខ្ពស់បង្កើតបានជាម៉ាស៊ីនដោះមីន ដើម្បីជាជំនួយដល់ការបោសសម្អាតមីន ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល និងជាការរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន។

តាងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដល់លោក Richard Yim ដែលបានបង្កើតនូវ ម៉ាស៊ីនដោះមីន ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន នៅទូទាំងពិភពលោក ជាពិសេសប្រជាជនកម្ពុជា ដែលប្រឈមនឹងការរងគ្រោះថ្នាក់ ដោយសារមីនខ្ពស់ជាងគេ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីការបន្តការផ្តល់ការគាំទ្រពេញទំហឹង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងអាជ្ញាធរមីន និងវិស្វករវ័យក្មេងរូបនេះ ដើម្បីរួមគ្នាដោះស្រាយបញ្ហាមីន នៅក្នុងប្រទេសកម្ពុជា និងក្នុងពិភពលោក៕