(ព្រៃវែង)៖ ដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើ តាមរយៈផលិតផលចំណីអាហារ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តព្រៃវែង សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារសាមគ្គីកអណ្តើក ក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារសាមគ្គីកអណ្តើកនេះ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ បន្លែ ផ្លែឈើ មីលឿង សរសៃគុយទាវ ជ្រក់ស្ពៃ តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានរកឃើញ ទឹកក្រូច ទឹកសាំរ៉ៃ ទឹកសណ្តែក ទឹកខ្មេះ ទឹកដោះគោខាប់ ទឹកស៊ីរ៉ូ នំបំពង និងស្រាបៀប្លែតផេនធ័រ ខូចគុណភាព និងហួសកាលបរិច្ឆេទ ដោយសរុបទាំងអស់ជាង១៧៥គីឡូក្រាម។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕