(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា បានប្រកាសថា នៅពេលអស់បក្សប្រឆាំងមួយ នៅមានបក្សប្រឆាំង៥ទៀត​ ដែលនឹងកើតឡើងនាពេលឆាប់ៗនេះ ហើយសម្តេចតេជោ បានថ្លែងថា​ បច្ចុប្បន្ននេះនៅកម្ពុជាមានគណបក្សនយោបាយច្រើនណាស់ ដែលកំពុងធ្វើសកម្មភាព​។

ក្រៅពីនេះ ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ដែលមានបទសោធន៍យ៉ាងចាស់វស្សាខាងផ្នែកនយោបាយនោះ បានអះអាងថា កម្ពុជាពេលបច្ចុប្បន្ននេះ គឺជាឋានសួគ៌លោកិយរបស់គណបក្សនយោបាយផងដែរ។​

​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សូមបញ្ជាក់បើរំលាយបក្សមួយ បក្ស៥ទៀតចូលជំនួស បានសេចក្ដីថា ពីបក្ស២ឡើង បក្ស៦ នៅក្នុងសភា នេះវានឹងកើតនៅពេលមិនយូរប៉ុន្មាននៅពេលខាងមុខនេះ [...] នៅកម្ពុជាមានគណបក្សនយោបាយរាប់សិប វាជាស្ថានសូគ៌លោកិយ នៃបក្សនយោបាយ ហើយវាក៏ជាស្ថានសួគ៌លោកិយ នៃអង្គការក្រៅរដ្ឋាភិបាលដែរ»។

ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ២ម៉ឺននាក់ មកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រៅពីការមានប្រសាសន៍ដោយសំលេងធ្ងន់ៗខាងលើនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានថ្លែងប្រតិកម្មជាមួយគណបក្សប្រឆាំងផងដែរ ដែលបានថ្លែងរិះគន់ថា សម្តេចដឹកនាំយូរៗ ទៅឲ្យពលរដ្ឋធ្វើតែជាបម្រើការងារឲ្យគេ ហើយសម្ដេចថា​លើពិភពលោកនេះ គ្មានប្រទេសណាដែលមានប្រជាពលរដ្ឋសុទ្ធជាសេដ្ឋីទាំងអស់ ឬ ថៅកែទាំងអស់នោះឡើយ សូម្បីតែប្រជាពលរដ្ឋអាមេរិក ក៏ត្រូវទៅស៊ីឈ្នួលធ្វើការឲ្យគេដែរ។

ពាក់ព័ន្ធការរំលាយគណបក្សនេះ​ ក្រុមមេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល​ នៅ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិន របស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។

សូមជម្រាបថា ​កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា បានរៀបរាប់ថា៖ សំណើសុំក្រសួងមហាផ្ទៃចាត់នីតិវិធីប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយជាធរមាន ព្រោះតែគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ។

នៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ​ នរោត្តម រណឬទ្ធិ ​ក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃផងដែរ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់យ៉ាងដូច្នេះថា៖ សំណើរសុំ​ចាត់វិធានការតាមផ្លូវច្បាប់ តាមនីតិវិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមមាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ៕​