Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេជ្ជបណ្ឌិតជំនាញ៖ កម្ពុជាមានតម្រូវការឈាមខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈ១ថ្ងៃៗមជ្ឈមណ្ឌលឈាមត្រូវការឈាម២០០ប្លោក!

11-10-2017 09:07

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ជា សុខឃីម តំណាងឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា បានបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាពិតជាមានត្រូវការខ្ពស់ ក្នុងការសេវាផ្តល់ឈាម និងខ្វះធនធានបុគ្គលិកផ្នែកនេះ។

ការថ្លែងបែបនេះ របស់លោកវេជ្ជបណ្ឌិត ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ក្នុងពេលដែលមន្ទីរពេទ្យ «ជោរ៉ៃភ្នំពេញ» បង្កើតកម្មវិធី «រួមគ្នាបរិច្ចាកឈាម» បន្ទាប់ពីមើលឃើញពីកង្វះខាត នៃការផ្តល់ឈាម។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ជា សុខឃីម តំណាងឲ្យមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមកម្ពុជា បានឲ្យដឹងថា នៅរៀងរាល់ថ្ងៃមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា ត្រូវការឈាមចំនួន២០០ប្លោក ដើម្បីយកទៅពិនិត្យរកមេរោគ ឬកែច្នៃឈាមទាំងនោះ ឲ្យសមស្របទៅតាមបច្ចេកបន្ថែម មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋនានា នៅក្នុងប្រទេសកម្ពុជា។

លោកបានបន្ថែមថា «ក្នុងមួយឆ្នាំយើងប្រមូលឈាមបាន៦ម៉ឺនយូនីត ហើយគិតមកដល់ខែតុលានេះ យើងទទួលបានឈាមប្រមាណជា៧០ ទៅ៨០ភាគរយ ទាំងឈាមប្រមូលបានពីអ្នកស្ម័គ្រចិត្ត និងអ្នកមកផ្ដល់ជំនួស អ្នកជំងឺដែលត្រូវការឈាម»

លោកវេជ្ជបណ្ឌិត ជា សុខឃីម បានឲ្យដឹងថា ក្នុងមួយឆ្នាំៗតម្រូវការឈាមមានការកើនឡើងជាលំដាប់ ហើយតម្រូវការទាមទារ ឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា នៅតាមបណ្ដាលខេត្ត ចូលរួមសហការនៅ ការប្រមូលឈាមផងដែរ។ លោកបន្តថា «ខ្ញុំបញ្ជាក់ផងដែរថា ទន្ទឹមនឹងតម្រូវការឈាមយើង ក៏ត្រូវបុគ្គលិកផ្នែកនេះថែមទៀតដែរ ខណៈដែលឥឡូវយើងកំពុងតែខ្វះខាតុបុគ្គលិកផ្នែកនេះ»

ជាមួយនេះ លោកស្រីវេជ្ជបណ្ឌិត សុខ សុខេន អគ្គនាយករងនៃមន្ទីរពេទ្យ «ជោរៃភ្នំពេញ» បានកត់សម្គាល់ថា អត្រានៃការផ្ដល់ឈាមនៅមានកម្រិតនៅឡើយ ដូច្នេះហើយទើបមន្ទីពេទ្យ «ជោរៃភ្នំពេញ» សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា រួមនឹងសណ្ឋាគារសុខា រួមគ្នាបង្កើតកម្មវិធី «បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស» នេះឡើង។

លោកស្រីវេជ្ជបណ្ឌិត សុខ សុខេន ក៏បានអំពាវដល់ពលរដ្ឋចូលរួម សហការផ្ដល់ឈាមឲ្យបានទាំងអស់គ្នា ដើម្បីសង្គ្រោះជីវិតមនុស្ស នៅកម្ពុជា ក៏ព្រោះតែសព្វថ្ងៃនេះកម្ពុជាកំពុងតែត្រូវការឈាមជាបន្តបន្ទាប់៕