(ភ្នំពេញ)៖ ការបណ្តុះបណ្តាល និងបង្ហាត់បង្រៀនដល់ក្មេងៗ ដែលស្ថិតក្នុងវ័យសិក្សាឲ្យកាន់តែឆ្លាតវៃ និងទទួលបានគំនិតល្អៗនោះ​ គួរណាស់តែថ្នាក់ដឹកនាំសាលានីមួយៗ រកពេលនឹងផ្តល់ឱកាសឲ្យ​ក្មេងៗ បានទៅស្គាល់​នៅប្រទេស កំពុងអភិវឌ្ឍន៍ក៏ដូចជា ការសិក្សាផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក​។

លោក សេង ប៊ុនណា នាយកប្រតិបត្តិសាលាទ្រូវីសិនអន្តរជាតិ បានឲ្យដឹងថា ដោយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកចំរើនជាបន្តបន្ទាប់ ដូច្នេះនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ លោកបានដឹកនាំសិស្សរបស់សាលាទ្រូវីសិនអន្តរជាតិចំនួន៧រូប ទៅសិក្សានៅឯសាលា អាយដុលហ្វិល នៃប្រទេសញូហ្សាលែន​ ហើយការសិក្សានេះគឺមាន​រយៈពេល២សប្តាហ៍។ លោកបន្តថា ការសិក្សានៅក្រៅប្រទេសនាពេលនេះ គឺមានផលប្រយោជន៍ល្អណាស់សម្រាប់កូនខ្មែរយើង ដើម្បីទៅដល់ប្រទេសមួយដែលជឿនលឿន​ ហើយបានការសិក្សាពីគំនិតគេនៅទីនោះ​ ថាតើយើងគួរធ្វើអ្វីបន្តទៀតសម្រាប់អនាគតក្មេងៗ ដែលកំពុងទទួលយកគំនិតថ្មីៗ ដើម្បីឈានដល់ការវិវត្តន៍ប្រទេសមួយទៅដល់ចំណុចដែល​យើងចង់បាន។

លោកនាយកប្រតិបត្តបានបញ្ជាក់ថា «នេះជាលើកទីមួយហើយដែលសាលាទ្រូវីសិនអន្តរជាតិ ដែលបាននាំសិស្សចុះកម្មសិក្សាទៅដល់ប្រទេសញូហ្សាលែន ព្រោះកម្មសិក្សានេះមានការចាំបាច់មួយ ផ្លាស់ប្តូរគំនិតក្មេងៗ ឲ្យពួកគាត់បានទៅដល់ប្រទេសមួយដែលជឿនលឿន ហើយអ្វីដែលសាលាទ្រូវីសិន ព្យាយាមកន្លងបណ្តុះបណ្តាលក្មេងៗកន្លងមកនេះ​ គឺឈរលើកគោលការពិតប្រាកដរបស់​វិស័យអប់រំ ព្រោះវិស័យអប់រំ គឺជាវិស័យមួយដែលមានសារសំខាន់បំផុតនៅលើពិភពលោក ជាពិសេសប្រទេសកម្ពុជា វិស័យអប់រំគឺដើរតួសំខាន់បំផុតសម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស ឲ្យមានគំនិតច្នៃប្រឌិតនឹងអភិវឌ្ឍន៍អ្វីផ្សេងទៀតអោយមានរីក​ចំរើន»