(ភ្នំពេញ)៖ កាលពីម្សិលមិញ ប្រជាពលរដ្ឋដែលបានបញ្ជូនកូនតូចៗរបស់ខ្លួន ទៅរៀននៅសាលាអន្ដរជាតិ Stamford សាខាអូបែកក្អម ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទៅនាំគ្នាតវ៉ាក្រោយពីនាយក សាលាមួយនេះ បានបិទទ្វារដោយវេចលុយរាប់ម៉ឺនដុល្លារ យកទៅជាមួយធ្វើឲ្យពួកគាត់ចំណាយប្រាក់បង់ថ្លៃសិក្សាជូនកូនៗ រាប់រយដុល្លារឯណោះ។

ប៉ុន្ដែនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានចេញសេចក្ដីជូនដំណឹងពីដំណោះស្រាយបញ្ហានេះ និងប្រាប់ទៅអាណាព្យាបាលរបស់សិស្សទាំងអស់ ដែលបានបង់ប្រាក់តាមវគ្គ ឬតាមឆ្នាំរួចនោះ អាចជ្រើសរើសដើម្បីបន្ដការសិក្សា នៅសាលារៀនដែលជាសមាជិក សមាគមន៍នៅក្បែរៗនោះ ដោយមិនចាំបាច់បង់ប្រាក់ទៀតទេ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ក្រោយពេលទទួលបានព័ត៌មាននៃការបិទទ្វារ របស់សាលាអន្ដរជាតិ Stamford សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិក៩១គ្រឹះស្ថាន សហការជាមួយប្រធានការិយាល័យបឋម នៃមន្ទីរអប់រំរាជធានីភ្នំពេញ បានទាក់ទងទៅថ្នាក់ដឹកនាំសាលាមួយនេះ ដើម្បីពិភាក្សា និងធ្វើការដោះស្រាយជូនទាន់ពេលវេលាផងដែរ។

អាណាព្យាបាលសិស្សបើចង់ដឹងព័ត៌មានបន្ថែម អាចទាក់ទងមក សមាគមន៍គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងបណ្ណាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងបរិវេណវិទ្យាល័យបឹងត្របែក និងតាមរយៈលេខទូរស័ព្ទ ០២៣ ២១៨ ០៧៦/០១២ ២១ ៥១ ២១/ ០១២ ៨២៤ ០៦៦។

កាលពីម្សិលមិញ គណៈគ្រប់គ្រងម្នាក់ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ថា អគ្គនាយកសាលាអន្ដរជាតិ Stamford ទាំង៣សាខានោះ គឺជាជនជាតិខ្មែរ ដែលមានឈ្មោះ លី សុខុមាល ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៥ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន បានវេចលុយជាច្រើនម៉ឺនដុល្លាររត់បាត់តែម្ដង ហើយមូលហេតុ​លោកសង្ស័យថា អគ្គនាយកសាលាបានជំពាក់លុយគេច្រើន។ ប្រភពដដែលបន្ថែមថា ការវេចលុយរត់បាត់របស់អគ្គនាយករូបនេះ ធ្វើឲ្យអាណាព្យាបាលសិស្សតវ៉ា និងថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្រៀន​នៅក្នុងសាលាអត់ការងារធ្វើ និងជួបបញ្ហាជីវភាពផងដែរ ដោយសារតែអគ្គនាយករូបនេះមិនបានបើកប្រាក់ខែ។

លោកបញ្ជាក់ថា សាលា Stamford មាន៣ទីតាំងគឺទី១៖ ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ, ទី២៖ ជិតវត្តសំរោងអណ្ដែត និងទី៣៖ នៅតាមបណ្ដោយផ្លូវម៉ុងឬទ្ធី ហើយសាលានេះ បានបើកដំណើរការជាង៦ឆ្នាំហើយ មិនដែលមានបញ្ហាអ្វីនោះទេ ទើបតែលើកនេះអគ្គនាយកបានវេចលុយរត់តែម្ដង។

សូមជ​​ម្រាបថា ក្រុមអាណាព្យាបាលសិស្សដែលបានទៅតវ៉ានៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ បានអះអាងថា កូនពួកគាត់ម្នាក់ៗ សុទ្ធសឹងតែរៀននៅសាលានេះ ចាប់ពី៤ ទៅ៥ឆ្នាំកន្លងមកហើយ ពុំដែលមានបាតុភាពអ្វីឡើយ។ ពួកគាត់លើកឡើងថា ចំពោះស្តង់ដា នៃការបង្រៀនគឺមានគុណភាពល្អ ទាំងការអប់រំ និងចំណេះដឹងដល់កុមារតូចៗ ពិសេសកូនៗរបស់ពួកគាត់ផ្ទាល់ ដែលមានអាយុចាប់ពី៥ឆ្នាំ ដល់១០ឆ្នាំ៕