(ភ្នំពេញ)៖ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុន​តិញ​ ស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ ត្រូវ​បាន​លោក​គុជ​ គឹមឡុង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កោះ​ហៅ​ចូល​បំភ្លឺ​ក្នុង​នាម​ជនសង្ស័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​តុលា​ ឆ្នាំ​២០១៧​ នេះ​ ជុំវិញសំណុំរឿងបាត់បច្ច័យបុណ្យសព លោក កែម ឡី។ ប៉ុន្តែរហូតដល់ពេលនេះ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុន​តិញ​ ពុំ​បាន​ចូល​បំភ្លឺ​ជូនតុលាការ​តាមការកំណត់ទេ​ ហើយ​ក៏​ពុំ​បាន​ដាក់​ពាក្យ​សុំ​ពន្យារពេល​ចូល​បំភ្លឺ​ដែរ​។ នេះបើតាមការបញ្ជាក់ពីមន្រ្តីតុលាការ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង និងលោក មឿន តុលា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ ឱ្យចូលបំភ្លឺពាក់ព័ន្ធបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត ក្រោយពីមានពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានកំណត់ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងនៅថ្ងៃទី១១ ខែតុលា ហើយលោក ប៉ា ងួនទៀត និងលោក មឿន តុលា ត្រូវកំណត់ឲ្យចូលទៅបំភ្លឺថ្ងៃ០៩ ខែតុលា ឆ្នាំ២០១៧ ។ ក៏ប៉ុន្តែនាថ្មីៗនេះ​ លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានសម្រេចដាក់ពាក្យសុំពន្យារពេល ចូលបំភ្លឺ ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយអះអាងថាពុំមានពេលវេលាគ្រប់គ្រាន់ និងពិភាក្សាពិគ្រោះយោបល់ទៅលើដំណើររឿង ដែលត្រូវចូលបំភ្លឺ ជាពិសេសមិនទាន់ពិនិត្យមើលទៅលើឯកសារពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។

សូមបញ្ជាក់ថា បើតាមការរាប់រាប់របស់លោក ពេជ្រ ស្រស់ ដែលជាម្ចាស់បណ្តឹងនេះ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នោះ បានសរសេរយ៉ាងដូចេ្នះថា «ក្នុងនាមខ្ញុំជា យុវជនខ្មែរមួយរូប ដែលតែងតែគោរព ស្រលាញ់ លោកបណ្ឌិត កែម ឡី ប៉ុន្តែជាអកុសលត្រូវឃាតករគ្មានចិត្តមេត្តា បានវាយប្រហារ សម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្តាលទីក្រុងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ ក្រោយពីលោកបណ្ឌិតបានស្លាប់ គឺការរៀបចំពិធីបុណ្យតាមប្រពៃណីខ្មែរត្រឹមត្រូវនៅបរិវេណវត្តចាស់ រាជធានីភ្នំពេញ ដោយមានចាត់តាំង គណៈកម្មការបុណ្យ សពច្បាស់លាស់។ ប៉ុន្តែអ្វីដែលជាព័ត៌មានអកុសលបន្ថែមមួយទៀតនោះគឺមានការសង្ស័យថា លុយបុណ្យសពដែល បងប្អូនចូល បច្ច័យនាពេលកន្លង មកនោះដែលស្ថិតក្នុងការគ្រប់គ្រងរបស់គណៈកម្មការបុណ្យ បានធ្វើឲ្យអ្នកចូលរួមបុណ្យខកចិត្តនិងធ្វើក្រុម គ្រួសារលោកបណ្ឌិត កែម ឡី ជួបការលំបាកខ្វះខាតថវិកា ចំណាយផ្សេងៗ ជាពិសេសខ្វះខាតថវិកាចំណាយលើ ការសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី តែម្តង»។

នៅក្នុងពាក្យបណ្ដឹងបានសរសេរទៀតថា «ក្នុងន័យនេះ ក្នុងនាមខ្ញុំជាយុវជនមួយរូប ដែលតែងតែគោរព ស្រលាញ់ លោកបណ្ឌិត កែម ឡី សូមស្នើរដល់ ឯកឧត្តមព្រះរាជអាជ្ញា មេត្តាបើកការស៊ើបអង្កេតស្វែងរក ការពិតលើប្រាក់បច្ច័យបានមកពីការចូលបុណ្យសពលោកបណ្ឌិត កែម ឡី កន្លងមកដែលគ្រប់គ្រងដោយ គណៈកម្មការបុណ្យសព ដោយក្តីអនុគ្រោះ ដើម្បីផ្តល់យុត្តិធម៌ ដល់អ្នកចូលបុណ្យសព និងដើម្បីភាពស្អាតស្អំសង្គម កុំឲ្យតម្លៃព្រះពុទ្ធសាសនា ធ្លាក់ចុះតាមរយៈបុគ្គលឆ្លៀតឱកាសមួយចំនួន»៕