(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាដឹកនាំដោយលោក សុខ សង្វារ អគ្គនាយករង និងសមត្ថកិច្ចនគរបាលការពារបេតិកភ័ណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភ័ណ្ឌ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ បានប្រជុំពិភាក្សា និងបន្តចុះពិនិត្យការរៀបចំសណ្ដាប់ធ្នាប់សោភ័ណ្ឌភាព និងទេសភាពដោយមិនអនុញ្ញាត ឲ្យអ្នកលក់ដូរម្ហូបអាហារ គ្រឿងស្រវឹង នៅលើបរិវេណសួនស្មៅ ស្ថិតនៅខាងមុខប្រាសាទអង្គរវត្ត បន្តដាក់អង្រឹង និងក្រាលកន្ទេលលក់ដូរនៅលើស្មៅនោះទៀតទេ ក្នុងគោលបំណង ដើម្បីរក្សាសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព និងទេសភាព នៃសម្បត្តិបេតិកភ័ណ្ឌពិភពលោក រួមនឹងការបន្តអនុវត្តក្រមប្រតិបត្តិអង្គរ ឲ្យមានប្រសិទ្ធិភាព បន្ថែមទៀត។

លោក សុខ សង្វារ បានថ្លែងថា ដើម្បីរៀបចំគ្រប់គ្រងសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព និងទេសភាពនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ជាលទ្ធផលក្នុង ការអនុវត្ត គឺទទួលបានការគាំទ្រច្រើនពីមហាជន និងសាធារណៈជនទូទៅដែលយើងត្រូវតែបន្ត ក្នុងការរៀបចំគ្រប់គ្រងសណ្ដាប់ធ្នាប់នៅក្នុងតំបន់អង្គរ ជាពិសេសនៅបរិវេណប្រាសាទអង្គរវត្ត តែម្ដង។

លោក សុខ សង្វារ បានបន្តថា បញ្ហានៅខាងមុខប្រាសាទអង្គរវត្តនេះ និងបញ្ហាជាចម្បងចំពោះមុខ គឺការប៉ះពាល់ដល់ទេសភាព ក៏ដូចជាសាធារណៈ ជនទូទៅភ្ញៀវទេសចរ និងថ្នាក់ដឹកនាំនៃអាជ្ញាធរមានសមត្ថកិច្ចបានលើកជាយោបល់ និងសំណូមពរកុំឲ្យមានការលក់ដូរម្ហូបអាហារ ជួលកន្ទេល ជួលអន្រឹង ដើម្បីឲ្យភ្ញៀវអង្គុយទទួលទានអាហារ និងរហូតដល់ការទទួលទានគ្រឿងស្រវឹង ចាក់ភ្លេង ចោលសំរាមនៅលើស្មៅខាងមុខ ប្រាសាទអង្គរវត្ត ដែលជាភាពមិនសមរម្យនោះព្រោះសកម្មភាពបែបនេះ កាលពីមុនមកគឺមិនមានទេ។

លោក សុខ សង្វារ បានបន្តយ៉ាងដូច្នេះថា «ក្នុងនាមអ្នកគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់រម្យណីយដ្ឋានអង្គរ និងដោយយោងមតិរបស់សាធារណៈ ជនទូទៅភ្ញៀវទេសចរ និងដោយតាមស្មារតី នៃកិច្ចប្រជុំការងារទេសចរណ៍ រវាងរដ្ឋ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍ស្ថិតក្រោមអធិតីភាព របស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តសៀមរាប រួមនឹងវត្តមានរបស់ថ្នាក់ដឹកនាំមន្ត្រីអង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ បានលើកនូវបញ្ហានេះឡើង និងយល់ឃើញថាមិនគួរឲ្យមានការបន្តលក់ដូររបៀបនេះទៀតទេហើយយើងជាអាជ្ញាធរ មានសមត្ថកិច្ច ក៏មិនដែលបានអនុញ្ញាតិឲ្យដែរនាពេលកន្លងទៅ»។

លោក សុខ សង្វារ បានបញ្ជាក់ថា ចំពោះសមត្ថកិច្ចនគរបាលបេតិកភ័ណ្ឌ នគរបាលទេសចរណ៍ និងកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមរៀបចំសណ្ដាប់ធ្នាក់នេះឲ្យមានការរៀបរយឡើងវិញហើយក្នុងនោះក៏មានអ្នកលក់ដូរនៅទីនោះផ្ទាល់ភាគច្រើន បានចូលរួមសហការ និងយល់ព្រមឯកភាពក្នុងការឈប់លក់ដូរ ក្រាលកន្ទេល ដាក់អន្រឹង ដើម្បីរៀបចំសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព និងទេសភាពនៅក្នុងបរិវេណលើស្មៅខាងមុខប្រាសាទអង្គរវត្តនេះ និងដោយមានការគាំទ្រយ៉ាងច្រើនពីមហាជនផងដែរ។

លោកឧត្តមសេនីយ៍ទោ លី ឡាយ បានថ្លែងថា «ទន្ទឹមនឹងតំបន់រមណីយដ្ឋានអង្គរ ដែលជាកេរ្តិ៍ដំណែលរបស់បុព្វបុរស ដូនតារបស់ខ្មែរយើង ដែលក្នុងនោះប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវទទួលបានការចាប់អារម្មណ៍ និងបានទាក់ទាញភ្ញៀវទេសចរជាតិ­អន្តរជាតិ ពីគ្រប់ទិសទីនៅជុំវិញពិភពលោកឲ្យមកទស្សនានោះ ហើយយើងបែរជាបណ្ដែតបណ្ដោយឲ្យតំបន់នេះ ក្លាយជាគ្មានសណ្ដាប់ធ្នាប់ បាត់បង់សោភ័ណ្ឌភាព និងទេសភាព ដែលនេះគ្រាន់តែជាការងារកំប៉ិកកំប៉ុកប៉ុណ្ណឹងយើងធ្វើមិនកើត នោះយើងមិនស័ក្តិសមឡើយ»។

លោកឧត្តមសេនីយ៍ទោ លី ឡាយ បានបន្តថា ក្រៅពីនោះ ទន្ទឹមនឹងយើងបានកំពុងរៀបចំគ្រោងដាក់តំបន់រមណីយដ្ឋាន និងប្រាង្គប្រាសាទ មួយចំនួនផ្សេងទៀត ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ហើយគណៈកម្មការ និងស្ថាប័នពាក់ព័ន្ធក្នុងការដាក់បញ្ចូលតំបន់រមណីយដ្ឋាន និងប្រាង្គប្រាសាទមួយចំនួននោះនៅក្នុងបញ្ជីរបេតិកភ័ណ្ឌពិភពលោកនោះ ក៏កំពុងសិក្សាវាយតម្លៃ និងស្វែងយល់ពីយើងក្នុងនាមជាម្ចាស់ ថាតើយើងបាន នឹងកំពុងយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង អភិរក្ស អភិវឌ្ឍបានក្នុងកម្រិតណា និងប្រកបដោយនិរន្តរភាពហើយ ឬនៅ។
ដូច្នេះយើងជាសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវ បន្តការសហការគ្នាខ្ពស់ក្នុងការគ្រប់គ្រងរៀបចំសណ្ដាប់ធ្នាប់ សោភណ្ឌ័ភាព ទេសភាពតំបន់ រមណីយដ្ឋានអង្គរ ឲ្យបានល្អប្រសើរ និងប្រកបដោយនិរន្តរភាព។

សូមរំលឹកផងដែរថា កាលពីដើមខែធ្នូ ឆ្នាំ២០១៥កន្លងទៅ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រកាស់ផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការ «ក្រមប្រតិបត្តិអង្គរ» រហូតមកដល់ពេលនេះ គឺមានការគាំទ្រ និងមានការចូលរួមអនុវត្តពីសាធារណៈជន និងគ្រប់ភាគីដែលជាប់ពាក់ព័ន្ធ ផងដែរ៕