(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ១១៤គ្រាប់ ទៅតុលាការដំបូងខេត្ត បន្ទាប់ពីកម្លាំងជំនាញអាវុធហត្ថស្រុកកំរៀង បានឃាត់ខ្លួនជនសង្ស័យបានវេលាម៉ោង១០៖១០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

កម្លាំងរាជអាវុធហត្ថខេត្តបាត់ដំបង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង ឲ្យដឹងថា វេលាម៉ោង១០៖១០នាទី នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅចំណុចភូមិថ្មី ឃុំអូរដា ស្រុកកំរៀង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនក្នុងបទល្មើសជាក់ស្តែង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ថៃ អាយុ៥៧ឆ្នាំ មុខរបរមិនប្រាកដ រស់នៅចំណុចកើតហេតុខាងលើ។

កម្លាំងរាជអាវុធហត្ថខេត្ត បានបន្តថា ពេលចុះបង្រ្កាបសមត្ថកិច្ចយើងរឹបអូសបានវត្ថុតាងមានថ្នាំញៀនយ៉ាម៉ា១១៤គ្រាប់, ម៉ូតូ១គ្រឿង ទូរស័ព្ទដៃចិន២គ្រឿង, ឧបករណ៍ជក់គ្រឿងញៀនមួយចំនួនផងដែរ។

ព្រឹកនេះកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕