(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានទទួលយកសំណូមពរពីប្រជាពលរដ្ឋមួយចំនួន ដើម្បីធ្វើការដោះស្រាយទុក្ខកង្វល់ជូន ឲ្យទាន់សភាពការជាបន្តបន្ទាប់ ដោយប្រើប្រាស់ធនធានផ្ទាល់ខ្លួន រហូតសម្រេចបានជាលទ្ធផលនូវផ្លូវបេតុង១ខ្សែប្រវែង១០០ម៉ែត្រ មានទទឹង២ម៉ែត្រ រួមនិងធ្វើការជួសជុលជង្ហុគតូច-ធំ «សំបុកមាន់» ឲ្យមានភាពងាយស្រួលធ្វើដំណើរ និងកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ព្រមទាំងស្ដារអណ្ដូងប្រព័ន្ធលូបង្ហូរទឹកបញ្ជៀសការលិចលង់ពីជំនន់ទឹកភ្លៀង ពិសេសលោក និងលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌប្ញស្សីកែវ បានឧបត្ថម្ភថវិកាជាង២លានរៀល ជូនមន្ត្រីម្នាក់ ដែលរងគ្រោះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

លោក ជា ពិសី បានថ្លែងថា ក្រោយពីទទួលបាននូវសំណូមពរហើយខិតខំប្រឹងប្រែងធ្វើការដោះស្រាយជូនរហូតសម្រេចបានជាលទ្ធផលល្អប្រសើរ ទទួលបានការអបអរសាទរពីប្រជាពលរដ្ឋ ដូចខាងលើនេះ បានធ្វើឡើងយ៉ាងយកចិត្តទុក្ខដាក់តាំងពីថ្ងៃទី៧ មកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ «ពោលគឺ៤ថ្ងៃជាប់គ្នា» ដោយសារតែមួយរយះកាលនេះ មានភ្លៀងធ្លាក់ជោគជាំនូវទូទាំង៧សង្កាត់ នៃខណ្ឌឫស្សីកែវ ទើបបណ្ដាលឲ្យស្ថានភាពប្រឡាយអូរវែង និងប្រឡាយបាក់ទូក ត្រង់ចំណុចស្ពានផ្សារសាំហាន់ពោពេញដោយទឹក កកស្ទះពីកាកសំណល់សម្រាមយ៉ាងច្រើន ដែលអាចធ្វើឲ្យទឹកហូរមិនទាន់ នៅតំបន់មួយចំនួន ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ និងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ទើបធ្វើការស្ដារកាយភ្លាមៗឲ្យទាន់សភាពការជូនប្រជាពលរដ្ឋ។

លើសពីនេះ លោក ជា ពិសី បន្តថា លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ ដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា និងមន្ត្រីពាក់ព័ន្ធ ជាមួយក្រុមយុវជន កម្លាំងប្រជាការពារខណ្ឌ-សង្កាត់សហការ និងប្រជាពលរដ្ឋ បានធ្វើការចាក់ក្រាលបេតុងធ្វើផ្លូវថ្មើរជើង១ខ្សែរ មានប្រវែង១០០ម៉ែត្រ និងទទឹង២ម៉ែត្រ ដោយសម្រេចបានយ៉ាងជោគជ័យ ក្រោមការឧបត្ថម្ភជាថវិកាផ្ទាល់របស់លោក និងចៅសង្កាត់។

លោកអភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា លោក និងលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌប្ញស្សីកែវ បានឆ្លៀតឱកាសចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកនូវថវិកា១,០០០,០០០រៀល រួមជាមួយថវិកា៩៥០,០០០រៀល និង១៩៥ដុល្លារផ្សេងទៀត ដែលបានមកពីការចូលរួមចំណែកដោះស្រាយបញ្ហាខ្វះខាតផ្សេងៗពីមន្ត្រីរាជការ បុគ្គលិកក្នុងខណ្ឌ ដើម្បីមកឧបត្ថម្ភជូនកញ្ញា សូ សុម៉ារី ជាបុគ្គលិកបំរើការងារនៅសាលាខណ្ឌ ដែលកំពុងរងគ្រោះ សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ទៀតថា ដោយមើលឃើញជាក់ស្ដែងពីស្ថានភាពផ្លូវលេខ៦២R ព្រំប្រទល់ជាប់ភូមិទួលគោក និងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ មានជង្ហុគតូច-ធំ ជាសំបុកមាន់ច្រើន ទើបដឹកនាំមន្ត្រីយុវជនខណ្ឌ-សង្កាត់ និងប្រជាការពារខណ្ឌមួយចំនួន ចុះត្រួតពិនិត្យភ្លាមៗ និងធ្វើការជួសជុលឡើងវិញផងដែរ ដើម្បីមានភាពងាយស្រួលធ្វើដំណើរចេញ-ចូលគ្រប់មធ្យោបាយ រួមនិងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលកើតមានឡើងដោយយថាហេតុផ្សេងៗ ក្នុងការចំណាយនូវធន់ធានផ្ទាល់ខ្លួននេះ ពិតជាមិនតិចទេ ហើយក៏មិនច្រើនដែរ តែជាសេវាតម្រូវការដ៏ចាំបាច់ចំពោះមុខមួយ ដែលក្នុងនាមអាជ្ញាធរដាច់ខាត ត្រូវតែដោះស្រាយសំណូមពរ «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីឲ្យស្របទៅតាមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន «សូមកុំធ្វើជាមន្ត្រីជើង១០» បានន័យថា «ជើងតុ៤ ជើងកៅអី៤ និងជើងយើង២» ដោយ១ថ្ងៃៗ នៅតែក្នុងប៉ារ៉ូម៉ាស៊ីនត្រជាក់ប៉ុណ្ណោះ៕