(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ បានថ្លែងប្រាប់ពីសមិទ្ធផលធំៗ ជាច្រើន ដែលបានធ្វើជូនប្រជាពលរដ្ឋ នៅក្នុងខេត្តរបស់លោក ជាពិសេសផ្លូវខ្វាត់ខ្វែងសម្រាប់ធ្វើដំណើរ ដែលទាំងនេះបានកើតមានឡើង ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ដូច្នេះត្រូវចូលរួមការពារថែរក្សាតម្លៃនៃសុខសន្តិភាពកម្ពុជា ឲ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនថែមទៀត។

លោក ម៉ៅ ធនិន បានថ្លែងបែបនេះ នៅបរិវេណវត្តមុនីសោភ័ណ ហៅវត្តសំរោងយា ស្ថិតក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខបងប្រជាពលរដ្ឋមកពី២ឃុំ-សង្កាត់ ចំនួន៥០០នាក់ គឺភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ចំនួន១០០នាក់ និងភូមិដូនអី ភូមិក្តីខ្វាវ ភូមិអូររកា សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ចំនួន៤០០នាក់ ដោយបានការចូលរួមពីលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ លោកស្រី ជុក សុផានី អភិបាលរងខេត្ត លោក ម៉ៅ វ៉ាន និងលោកស្រី ឃៀក ប៊ុនធី អាជីវករត្បូងពេជ្រប៉ៃលិន ផ្សារថ្មីពោធិ៍សាត់ មន្ទីរអង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមការងារ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ម៉ៅ ធនិន បានបន្តថា «ខេត្តពោធិ៍សាត់យើងសព្វថ្ងៃពិតជាមានភ័ព្វសំណាងណាស់ ដែលទទួលបានសមិទ្ធផលធំៗជាច្រើនដូចជា៖ ទំនប់ទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ ដែលមានលទ្ធភាពស្តុកទឹកសម្រាប់ស្រោចស្រព និងប្រើប្រាស់បានជាង៥០លានម៉ែត្រគូប, ទទួលបានទំនប់ និងប្រឡាយទឹកជាង៧០ខ្សែ, ផ្លូវលំជនបទក្រាលកៅស៊ូ១០ខ្សែ ប្រវែង១២៥,៥គីឡូម៉ែត្រ ហើយលើសពីនេះទៅទៀតផ្លូវជាតិលេខ៥៥ ពីទីរួមខេត្តឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ ដែលមកដល់ពេលនេះស្ថាបនាបានស្ទើរ១០០% និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នេះដោយសារប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា»

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់ និងការលើកលែង លើពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដល់អ្នកជាប់សាច់ញាតិបង្កើត និងតម្លៃសេវាផ្សេងទៀត ដែលទទួលបានការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។ លោកបានសុំឲ្យប្រជាពលរដ្ឋទាំងអស់ ទទួលរូបលោកជាសមាជិកថ្មីម្នាក់ទៀត ទោះជាកូន ជាឪពុក ជាបង ឬជាប្អូនក្ដី ដើម្បីរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា និងរួមគ្នាដោះស្រាយការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឬក្នុងករណីដែលមានភាព អយុត្តិធម៌ណាមួយកើតឡើង។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន រួមជាមួយក្រុមការងារ បានចែកជូនវត្ថុកំដរដៃ ជូនដល់ប្រជាពលរដ្ឋ៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ថ្នាំពេទ្យ១បន្ទះ និងថវិកា១ម៉ឺនរៀល ដែលទាំងនេះបានកើតឡើងតាមរយៈសប្បុរសជន លោក ម៉ៅ វ៉ាន និងលោកស្រី ឃៀក ប៊ុនធី អាជីវករត្បូងពេជ្រប៉ៃលិនផ្សារថ្មីពោធិ៍សាត់។ ដោយឡែកលោកអភិបាលខេត្ត បានប្រគេនបច្ច័យ១០០០ដុល្លារ សម្រាប់គូសរូបគំនូ៣ផ្ទាំង និងទូទាត់ថ្លៃជាង សាងសង់សាលាឆាន់ វត្តមុនីសោភ័ណ ហៅវត្តសំរោងយាផងដែរ៕