(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានពីលទ្ធផលជំនួបពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងតំណាងថ្មីរបស់អង្គការ កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ​លោកស្រី ​Nancy Walters ​ដែលបានធ្វើឡើងនៅវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ​ក្នុងនាមរាជរដ្ឋាភិបាលសូមថ្លែងអំណរគុណ ចំពោះអង្គការកម្មវិធីស្បៀងអាហារពិភពលោក ដែលបានចូលមកជួយកម្ពុជា តាំងពីឆ្នាំ១៩៧៩ គឺក្នុងពេលដែលកម្ពុជាកំពុងជួបការលំបាកខ្លាំងខាងផ្នែកស្បៀងអាហារ។

លោកទេសរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូររវាងរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នផ្សេងៗរបស់កម្ពុជា ជាមួយអង្គការស្បៀងអាហារពិភពលោក។

ជាមួយគ្នានេះ លោកស្រី ​Nancy Walters បានបញ្ជាក់នៅចំពោះមុខប្រមុខកាទូតកម្ពុជា អំពីការប្ដេជ្ញាចិត្តរបស់កម្មវិធីស្បៀងអាហារពិភពលោក ក្នុងការបន្ដជួយឧបត្ថម្ភ និងផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជាបន្ដ ហើយបានថ្លែងអំណរគុណ ចំពោះក្រសួងការបរទេស ដែលជានិច្ចជាកាលតែងផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ ចំពោះអង្គការរបស់ពួកគេ៕

សូមអានខ្លឹមសារលម្អិត​នៅក្នុងសេចក្តីប្រកាសព័ត៌មាន ខាងក្រោមនេះ៖