Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក វ៉ាត់ ចំរើន៖ សារព័ត៌មាន គឺជាដៃគូអភិវឌ្ឍន៍កីឡាដ៏សំខាន់ ឆ្ពោះទៅស៊ីហ្គេម-២០២៣

11-10-2017 10:48

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែតុលានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបើកវគ្គរដ្ឋបាលកីឡាស្ដីពី «អភិបាលកិច្ចល្អ គណនេយ្យភាព និងព័ត៌មានកីឡា» ដើម្បីបង្កើតការអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ទន្ទឹមជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានចាត់ទុកផ្នែកសារព័ត៌មានកីឡា គឺជាផ្នែកមួយដ៏សំខាន់ នៅក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា តាមរយៈការផ្សព្វផ្សាយរបស់ខ្លួន។

លោក វ៉ាត់ ចំរើន បានថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើថា ព័ត៌មានកីឡា គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការបំផុសការផ្សព្វផ្សាយ តាមរយៈសហព័ន្ធកីឡាជាតិ ប្រកបដោយវិជ្ជាជីវៈ ស្របតាមភាពរីកចម្រើននៃវិស័យកីឡាជាតិបច្ចុប្បន្ន ដើម្បីរួមចំណែកឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហេតុនេះ បុគ្គលិកសារព័ត៌មាន ត្រូវស្វែងយល់បន្ថែមពីបច្ចេកទេសកីឡា ដើម្បីសំណេរជាអត្ថបទប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រឹមត្រូវ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើ គឺធ្វើឡើង ៤ថ្ងៃ ចាប់ពីថ្ងៃទី១១-១៤ ខែតុលានេះ ដោយមានការចូលរួមជាសិក្ខាកាមពីសំណាក់តំណាងសហព័ន្ធកីឡាជាតិ និងតំណាងអង្គភាពសារព័ត៌មានប្រមាណជាង ៦០នាក់។ ក្នុងនោះក៏មានគ្រូឧទ្ទេសសំខាន់ៗ ដើម្បីធ្វើបទបង្ហាញផងដែរ ដូចជាលោក វ៉ាត់ ចំរើន, លោក ជា ច័ន្ធបូរិបូរណ៍ និងលោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ ជាដើម៕