(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលប៉ុស្ដិ៍កាកាប ក្រោមការដឹកនាំដោយលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយកន្លែងទាំងយប់ ដែលសង្ស័យថាមានបង្កប់សេវាបម្រើផ្លូវភេទ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនាយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចខាងលើ បានធ្វើការឃាត់ខ្លួន មនុស្សចំនួន៨នាក់ ក្នុងនោះបុរសម្នាក់ឈ្មោះ អាត់ សល់ អាយុ៣៦ឆ្នាំ និងស្រីម្នាក់ឈ្មោះ មោង គឹមលាង អាយុ៣៥ឆ្នាំ ដែលជាម្ចាស់ហាង ចំណែកស្រ្តីវ័យក្មេងចំនួន៦នាក់ទៀត ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់៤០ឆ្នាំ ជាស្រ្តីបម្រើនៅក្នុងហាងម៉ាស្សាកោសជប់មួយនោះ ក្រៅពីនេះក៏មានការ
ដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ។

មន្រ្តីនគរបាលបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា មុនពេលឈានដល់ការចុះបង្ក្រាប កម្លាំងនគរបាលខាងលើ បានចុះធ្វើការស្រាវជ្រាវយូរមកហើយ រហូតទទួលបានព័ត៌មានជាក់លាក់មួយពីទីតាំងមួយនេះ ដែលបានបើកអាជីវកម្មម៉ាស្សាកោសជប់ទេ ប៉ុន្តែមានបង្កប់សេវាបម្រើផ្លូវភេទ ហើយក៏សង្ស័យថា មានជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាពជួញដូរមនុស្សទៀតផង ប៉ុន្តែទោះជាយ៉ាងនេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះ។

ក្រោយពេលស៊ើបអង្កេតដឹង ទើបសុំការដឹកនាំពីសំណាក់លោកព្រះរាជអាជ្ញារង បានបញ្ជាឲ្យចាប់ខ្លួនម្ចាស់ទីតាំង២នាក់ និងនាំខ្លួនស្រ្តី៦នាក់ដែលជាអ្នកបម្រើនៅទីនោះ ទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់តែម្ដង៕