(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការរៀបចំពិព័រណ៌សាកលវិទ្យាល័យលើកទី១ ឆ្នាំ២០១៦រួចមក សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ នឹងបន្តរៀបចំព្រឹត្តិការណ៍អប់រំនេះ ជាថ្មីទៀត ដោយមានការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា និងសហការរៀបចំដោយក្រុមហ៊ុន រំដួលមេឌា។

បើតាមការឲ្យដឹងពីក្រុមការងាររៀបចំពិព័រណ៌សាកលវិទ្យាល័យលើកទី២នេះ នឹងប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ វេទិកានេះ នឹងមានគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ និងឯកជនប្រមាណជា៤០ គ្រឹះស្ថាន និងក្រុមហ៊ុនឯកជនប្រមាណជាង ៣០ក្រុមហ៊ុន ចូលរួមការដាក់តាំងបង្ហាញបញ្ជរពិព័រណ៌ ដើម្បីផ្សព្វផ្សាយព័ត៌មានទៅកាន់សិស្សនិស្សិត។

សូមបញ្ជាក់ថា កម្មវិធី ពិព័រណ៌សាកលវិទ្យាល័យ គឺព្រឹត្តិការណ៍ពិព័រណ៌វិស័យអប់រំដ៏ធំមួយ ដែលរៀបចំឡើងជាពិសេសសម្រាប់សិស្សានុសិស្សថ្នាក់មធ្យមសិក្សា ដើម្បីទាក់ទាញយកការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្អូនៗ ទៅលើការសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា និងការសិក្សាជំនាញវិជ្ជាជីវៈ ក្រោយការបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា និងដើម្បីមានមូលដ្ឋានរឹងមាំក្នុងការក្លាយខ្លួនជាធនធានគ្រឹះសម្រាប់ខ្លួនឯង គ្រួសារ សង្គម និងប្រទេសជាតិ។

ជាមួយនឹងការដាក់តាំងបង្ហាញនូវបញ្ជរព័ត៌មានជាច្រើននោះ វេទិកានេះ ក៏នឹងមានកម្មវិធីពិសេសៗ ជាច្រើនទៀតដូចជា៖ បទបាឋកថាស្តីពី ការជ្រើសរើសជំនាញសិក្សា បំនិនជីវិត កិច្ចពិភាក្សាមួយចំនួន ដោយមានការចូលរួមពីវាគ្មិនល្បីៗ ក្នុងវិស័យអប់រំ ក្រុមនិស្សិតឆ្នើមតាមសាកលវិទ្យាល័យនានា និងមានកម្មវិធីកំសាន្តចាប់រង្វាន់ផ្សេងៗ និងអាហារូបករណ៍ រួមទាំងការប្រគុំតន្រ្តី ដោយមានការចូលរួមដោយសិល្បករល្បីៗ ក្នុងជួរយុវវ័យផងដែរ៕