(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការរិះគន់ និងការអំពាវនាវឱ្យវិលត្រឡប់ចូលកម្ពុជាវិញនោះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងថា ការសម្ងំនៅក្នុងប្រទេសកម្ពុជា នឹងមិនអាចធ្វើអ្វីបានទេ ហើយគ្រាន់តែលម្អឱ្យគេប៉ុណ្ណោះ។ ចំណែកលោក និងតំណាងរាស្រ្តដទៃទៀត នៅក្រៅប្រទេស មានភាពប្រសើរជាង។

តាមរយៈកិច្ចសម្ភាសមួយជាមួយវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោក អេង ឆៃអ៊ាង បានលើកឡើងយ៉ាងដូច្នេះថា៖ «ស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ គឺមានភាពប្រថុយប្រថានខ្លាំងណាស់ ដូច្នេះហើយបើសិនជាយើងនៅក្នុងប្រទេស យើងមិនអាចធ្វើអ្វីបាន យើងនៅសម្ងំស្ងៀម អាហ្នឹងយើងនៅគ្រាន់តែលម្អឱ្យគេប៉ុណ្ណឹងទេ ដូច្នេះយើងសុខចិត្តយកសេរីភាពរបស់យើង ដើម្បីធ្វើការនៅខាងក្រៅ ដើម្បីជួយដល់ខាងក្នុង វាប្រសើរជាងដែលយើងសម្ងំនៅខាងក្នុង មិនហ៊ានធ្វើអ្វីសោះ»។

ការលើកឡើងរបស់ លោក អេង ឆៃអ៊ាង បែបនេះ បានធ្វើឡើងបន្ទាប់ពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ៅ មុនីវណ្ណ បានអំពាវនាវឱ្យតំណាងរាស្រ្ត ទាំងអស់របស់គណបក្សសង្រ្គោះជាតិ ដែលបានចាកចេញទៅក្រៅប្រទេសនានាថ្មីៗនេះ ត្រឡប់ចូលប្រទេសកម្ពុជាវិញ ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងឡាយ ដែលកំពុងកើតមាននៅក្នុងគណបក្សសង្រ្គោះជាតិ។

បើតាម លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា រហូតដល់ពេលនេះ ក្នុងចំណោមតំណាងរាស្រ្តចំនួន៥៥រូប របស់គណបក្សសង្រ្គោះជាតិ មានតែ២៤រូបប៉ុណ្ណោះ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ខណៈជាង៣០រូបទៀត បានចាកចេញទៅក្រៅប្រទេស។

លោកបានថ្លែងបន្តថា រហូតដល់ពេលនេះ មានតែតំណាងរាស្រ្ត៣រូបប៉ុណ្ណោះ ក្នុងចំណោមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលចេញទៅក្រៅប្រទេស ដែលបានបញ្ជាក់ថា ពួកគាត់នឹងត្រឡប់មកវិញនៅក្នុងអំឡុងបីទៅបួនថ្ងៃទៀត ខណៈដែលតំណាងរាស្រ្តជាច្រើនទៀតមិនទាន់បញ្ជាក់ច្បាស់អំពីការវិលត្រឡប់ របស់ពួកគាត់នៅឡើយទេ ទោះបីជាដឹងថារដ្ឋសភានឹងលកងឡើងវិញនៅថ្ងៃទី១២ ខែតុលាក៏ដោយ។

សូមបញ្ជាក់ថា ការសម្រុកចេញទៅក្រៅប្រទេសរបស់ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសថា សំណុំរឿងក្បត់ជាតិនៅកម្ពុជា នឹងមិនបញ្ចប់ត្រឹមការចាប់ខ្លួនលោក កឹម សុខា ឡើយ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ទៀតថា សំណុំរឿង គឺមានការរៀបចំឡើងជាប្រព័ន្ធ ដែលមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនទៀត។ សម្តេចបានប្តេជ្ញាបន្តវិធានការ កម្ចាត់ក្រុមជនក្បត់ជាតិ ដោយមិនរាថយ នោះឡើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបញ្ជាក់ទៀតថា សម្តេចមិនអនុញ្ញាតឲ្យមានក្រុមឧទ្ទាមនៅក្នុងទីក្រុងនោះឡើយ៕