(ភ្នំពេញ)៖ នៅអំឡុងពេលពេញមួយខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ កម្ពុជានឹងបើកយុទ្ធនាការធំមួយ ដែលមិនធ្លាប់មានពីមុនមក នោះគឺយុទ្ធនាការ «ភ្នំពេញស្អាត (PHNOM PENH SA-ART)» ដើម្បីបញ្រ្ជាបពីបញ្ហាសំរាម និងការថែទាំសោភ័ណភាពទីក្រុង ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ពិសេសយុវជន និងសិស្សានុសិស្ស។

យុទ្ធនាការពិសេសនេះ ប្រព្រឹត្តទៅក្រោមការរៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិ-កម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការសហការចូលរួមពីក្រសួង-ស្ថាប័នរដ្ឋ ឯកជន និងដៃគូពាក់ព័ន្ធទាំងជាតិ-អន្តរជាតិជាច្រើនទៀត។

ក្នុងជំនួបសម្ដែងការគួរសមជាមួយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងទេស​ចរណ៍ អ្នកនាង ជា សុផល្លា ប្រធានយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងជាសហស្ថាបនិកគម្រោងភ្នំពេញស្អាត បានឲ្យដឹងថា យុទ្ធនាភ្នំពេញស្អាត នឹងចាប់ផ្ដើមពីដើមខែវិច្ឆិកា រហូតដល់ចុងដាច់ខែវិច្ឆិកា ពោលគឺពេញរយៈពេលមួយខែតែម្ដង ក្នុងរាជធានីភ្នំពេញ ដែលនឹងក្រុមការងារនឹងចុះទៅតាមសាលារដ្ឋ និងឯកជន ស្ថាប័នមួយចំនួន តាមផ្សារ និងរោងចក្រមួយចំនួនផងដែរ។

អ្នកនាងបានបន្តថា អ្វីដែលសំខាន់គឺធ្វើយ៉ាងណាត្រូវតែបញ្ជ្រាបចំណេះដឹងនេះដល់យុវជន និងសិស្សានុសិស្ស ពីព្រោះយុវជន និងសិស្សានុសិស្សជាគន្លឹះដ៏សំខាន់បំផុត ក្នុងការផ្សព្វផ្សាយបន្តទៅដល់គ្រួសារ សាច់ញាតិ មិត្តភ័ក្តិ និងមជ្ឈដ្ឋានខាងក្រៅបានទូលាយ។

ស្ថាបនិកគម្រោងភ្នំពេញស្អាតរូបនេះ បានបញ្ជាក់ថា យុទ្ធនាការទ្រង់ទ្រាយធំលើកដំបូងនេះ ទោះបីជាមិនច្បាស់ថានឹងទទួលបានជោគជ័យ ១០០% ក៏ពិតមែន ក៏ប៉ុន្តែវានឹងរួមចំណែកក្នុងការសម្អាតទីក្រុង ធ្វើឲ្យទីក្រុងមានសោភ័ណភាព បំផុតចលនាស្រលាញ់បរិស្ថាន ស្មារតីភ្ញាក់រឭកនៃការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពិសេសវានឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ តាមរយៈការបង្អួតសោភ័ណភាពទីក្រុង ភាពស្អាត និងបៃតងក្នុងរាជធានីភ្នំពេញ នៅលើប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គម Facebook និងបណ្ដាញព័ត៌មានជាតិជាច្រើន។

លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំនូវអនុសាសន៍មួយចំនួន ដល់ក្រុមការងារនៃយុទ្ធនាការភ្នំពេញស្អាត ក្នុងនោះរួមមាន៖

ទី១៖ ផ្សព្វផ្សាយឲ្យបានច្រើនពីភាពស្អាត និងបៃតងប្រាប់ទៅប្រជាពលរដ្ឋ និងយុវជន។
ទី២៖ បញ្រ្ជាបពីបញ្ហានានាដែលកើតចេញពីការចោលសំរាមផ្ដេសផ្ដាស នៅតាមទីសាធារណៈ មុខផ្ទះ សាលារៀន នៅតាមអាហារដ្ឋាន ភោជនីដ្ឋាននានា។
ទី៣៖ តាក់តែងនិពន្ធពីការអប់រំ និងណែនាំពីបញ្ហាសំរាមទៅក្នុងចម្រៀង និងវីដេអូអប់រំដែលគម្រោងភ្នំពេញស្អាតបង្កើតឡើង។
ទី៤៖ បំផុសស្មារតីស្រលាញ់បរិស្ថានដល់ប្រជាពលរដ្ឋ។
ទី៥៖ ផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅលើបណ្ដាញទំនាក់ទំនាក់សង្គម ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈចម្រៀង វីដេអូជាដើម៕