(ហាណូយ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាន់តែខើចឱកាសក្នុងការស្វែងរកកៅអីវគ្គបន្ដ នៃព្រឹត្តិការណ៍បាល់ទាត់ជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូល C ក្រោយបន្ដចាញ់ក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ៥-០ មុននេះបន្ដិច នៅក្នុងជំនួបជើងទី២ លើទឹកដីវៀតណាម ខណៈកាលពីជួបគ្នាជើងទី១ គោព្រៃកម្ពុជា បានចាញ់វៀតណាមលើទឹកដី ២-១។

ជំនួបដ៏សំខាន់ក្រោមដំណក់ទឹកភ្លៀងនេះ តង់ទី១ ក្រុមម្ចាស់ផ្ទះវៀតណាម បានបំប៉ោងសំណាញ់ក្រុមភ្ញៀវកម្ពុជា ១-០ ប៉ុណ្ណោះ ដែលធ្វើសម្រេចដោយកីឡាករ Dinh Thanh នៅនាទីទី១២ មុននឹងពួកគេបន្ថែម ៤គ្រាប់ទៀត នៅតង់ទី២ ។ ចំណែកក្រុមជម្រើសជាតិកម្ពុជា ទោះបីបានបង្កើតឱកាសក្នុងតំបន់គ្រោះថ្នាក់ម្ដងម្កាល ប៉ុន្ដែមិនអាចបំបែកពងមាន់ក្រុមម្ចាស់ផ្ទះបានឡើយ ធ្វើឲ្យចប់ការប្រកួតពេញម៉ោងចាញ់វៀតណាម ៥-០ តែម្ដង។

ជាមួយនឹងការបរាជ័យលើក២ ក្រៅទឹកដីនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ស្ទើរតែបាត់បង់ឱកាសដណ្ដើមកៅអីវគ្គបន្ដទៅហើយ ព្រោះបច្ចុប្បន្នកម្ពុជា បានឆ្លងកាត់ ៤ប្រកួតឈ្នះ១ និងចាញ់៣ ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ។ ដោយឡែកការបន្ថែម ៣ពិន្ទុរបស់វៀតណាម បានជួយឲ្យពួកគេតាមស្មើក្រុមកំពូលតារាង គឺក្រុមជម្រើសជាតិហ្សកដានី ដោយមាន ៨ពិន្ទុស្មើគ្នា បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងពូល C ចំនួន ៤ប្រកួតឈ្នះ២ ស្មើ ២ ដូចគ្នា។

គួរបញ្ជាក់ថា សម្រាប់ប្រកួតបន្ទាប់របស់ក្រុមរហស្សនាមគោព្រៃកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិហ្សកដានីវិញម្ដង នៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខ ខណៈកាលពីជួបគ្នាជើងទី១ កម្ពុជា បានចាញ់ហ្សកដានី ក្រៅដីដល់ទៅ ៧-០។

ដូច្នេះសម្រាប់ ២ប្រកួតចុងក្រោយរបស់កម្ពុជា គឺត្រូវការឈ្នះដាច់ខាត ទើបមានសង្ឃឹមឡើងវគ្គបន្ដ តែបើចាញ់តែ ១ប្រកួតទៀត នោកម្ពុជា នឹងត្រូវហាលអាវតែម្ដង៕