(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានបើកការប្រជុំក្រុមម្ចាស់ហាងស៊ីផឹក និងហាងខារ៉ាអូខេ KTV ក្លឹបឌីស្កូ ព្រមទាំងហាងម៉ាស្សាកោសជប់ទាំងអស់ នៅទូទាំងខណ្ឌជាង៦០នាក់ ដែលកន្លងមកមានហាងមួយចំនួន តែងតែបង្កភាពអនាធិបតេយ្យ និងទំនាស់វាយតប់គ្នាជាបន្តបន្ទាប់ ផ្ដើមចេញពីការដណ្ដើមម៉ូយ។
រីឯហាងកោសជប់ម៉ាស្សាវិញ បានបន្លំលួចលុយភ្ញៀវជាបន្តបន្ទាប់ ហើយទោះបីជាអាជ្ញាធរធ្លាប់បានណែនាំ រហូតចុះបិទហាងជាច្រើនលើកមកហើយ ក៏ដោយក៏ពួកគេមិនដែលស្ដាប់តាម និងរាងចាលឡើយ នៅតែប្រព្រឹត្តល្មើសរហូត។
មិនតែប៉ុណ្ណោះកន្លងមក ទោះជាបានចុះបិទពេលហាទាំងនោះ មានទំនាស់វាយតប់គ្នាក្ដី អាជ្ញាធរមិនដែលតឹងរឹងរហូតគ្មានមេត្តានោះឡើយ ផ្ទុយទៅវិញដោយសារតែមានមនោសញ្ចេតនាអាណិតពួកគេនោះ ក្រោយបិទមួយរយៈ ក៏បានឲ្យពួកគេចូលខ្លួនទៅការធ្វើកិច្ចសន្យាផ្សេង រួចក៏បានអនុញ្ញាត ឲ្យបើកអាជីវកម្មឡើងវិញ មិនបានបិទរហូតនោះឡើយ។ ប៉ុន្តែពួកគាត់វិញមិនដែលគោរពតាម ឬទុកអាជ្ញាធរនៅក្នុងកែវភ្នែកនោះឡើយ ហើយលើកនេះដល់ពេល ដែលអាជ្ញាធររឹតបន្តឹងវិញហើយ ការប្រជុំណែនាំជាថ្មីលើកនេះ គឺចុងក្រោយហើយប្រសិនបើនៅតែមិនព្រមស្ដាប់ទៀតនោះ អាជ្ញាធរ និងចុះទៅទម្លាក់ស្លាកចោលចុះចូលទៅក្នុងបញ្ជីខ្មៅ ព្រមទាំងបិទរហូតមិនឲ្យបើកវិញឡើយ។
ពិធីប្រជុំខាងលើនោះ បានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសាលប្រជុំធំ របស់សាលាខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ដែលជាអភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងលោកនាយប៉ុស្ដិ៍នគរបាលចោមចៅ កាកាប និងកន្ទោក។
មន្រ្តីសាលាខណ្ឌបានឲ្យដឹងថា ហាងផឹកស៊ី និងខារ៉ាអូខេ KTV ព្រមទាំងក្លឹបឌីស្កូ និងហាងម៉ាស្សាកោសជប់ បានកើតឡើងច្រើន នៅតាមបណ្ដោយផ្លូវលេខ២០០៤ សង្កាត់កាកាប និងមួយចំនួនទៀត ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង និងផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ និងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
កន្លងមកមានហាងផឹកស៊ី និងខារ៉ាអូខេ KTV តែងបានបង្ករឿងវាយតប់គ្នាជាបន្តបន្ទាប់ ព្រោះតទំនាស់ដណ្ដើមម៉ូយគ្នា ធ្វើឲ្យមានភាពអនាធិបតេយ្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង និងប៉ះពាល់ដល់អ្នកធ្វើចរាចរតាមផ្លូវយ៉ាងខ្លាំង ព្រោះអ្នកដេញចាប់ម៉ូយបានរត់ប្រសេចប្រសាច ពេញដងផ្លូវតែម្ដង។ ជាពិសេសហាង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបតែម្ដង ចំណែកឯហាងកោសជប់ម៉ាស្សា ស្ទើរតែគ្រប់កន្លែងបានបន្លំដូរ និងលួចលុយភ្ញៀវជាហូរហែឲ្យតែភ្ញៀវចូលទៅម៉ាស្សាកោសជប់ ដឹងតែរងគ្រោះបាត់លុយរហូត មិនដែលខានឡើយ។
លោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បានថ្លែងថា ចំពោះម្ចាស់អាជីវកម្មផឹកស៊ី និងខារ៉ាអូខេ KTV ណាដែលបណ្ដោយឲ្យបុគ្គលិក បង្កភាពអនាធិបតេយ្យ ដោយការដេញតាមចាប់ម៉ូយតាមផ្លូវ បង្កឲ្យមានគ្រោះថ្នាក់ចរាចរដល់ប្រជាពលរដ្ឋ ដែលជាអ្នកដំណើរតាមផ្លូវ និងបង្កទំនាស់ហិង្សាវាយតប់គ្នាលើកក្រោយទៀតនោះ និងត្រូវបិទចោលលែងឲ្យបើកតទៅទៀតហើយ ព្រមទាំងចុះទៅក្នុងបញ្ជីខ្មៅតែម្ដង។ ជាពិសេសហាង នៅតាមបណ្ដោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ដែលតែងតែកើតរឿងបែបនេះជាញឹកញាប់។
លោកអភិបាល បានបន្តទៀតថា ចំណែកម្ចាស់ហាងម៉ាស្សាកោសជប់វិញ គឺមានទម្លាប់អាក្រក់ខ្លាំងណាស់ មិនព្រមកែទម្លាប់ទាល់តែសោះ គឺការលួចបន្លំយកដុល្លារក្លែងក្លាយ ទៅដូរយកលុយដុល្លារពិតប្រាកដរបស់ភ្ញៀវ ហើយកន្លងមកមានភ្ញៀវច្រើនណាស់រងគ្រោះឲ្យត ឬចូលទៅកោសជប់ ឬម៉ាស្សា គឺជៀសមិនផុតពីការបាត់លុយឡើយ។
ដូច្នេះហើយចាប់ពីការប្រជុំណែនាំនេះទៅ គ្មានការលើកលែងតទៅទៀត ដូចពេលមុនៗឡើយ អាជ្ញាធរ និងចាត់វិធានការតឹងរ៉ឹង គ្មានការយោគយល់ទៀតទេ ដើម្បីសណ្ដាប់ធ្នាប់ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយអ្នកដែលគោរពតាមការណែនាំ សូមរកស៊ីដោយភាពសុខដុមរមនា ចំណែកអ្នកដែលមិនគោរផ្គើន បង្ករឿងមិនឈប់នោះវិញ និងត្រូវបិទចោលហើយសូមអញ្ជើញទៅរកស៊ីនៅកន្លែងណាក៏ទៅចុះកុំរកស៊ី នៅក្នុងខណ្ឌពោធិ៍សែនជ័យតទៀត៕