(ភ្នំពេញ)៖ សហរដ្ឋអាមេរិក បានទទួលស្គាល់ថា គ្រាប់បែកគីមីដែលកំពុងមានវត្តមាននៅលើដីកម្ពុជា គឺជាគ្រាប់ដែលមានប្រភពមកពីប្រទេសខ្លួន។ តាមរយៈការទទួលស្គាល់នេះសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវលើការបោសសំអាតគ្រាប់ទាំងអស់នេះជាកំហិត។

លោក កេ ដា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិអាវុធគីមី បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កាលពីឆ្នាំ២០១២កន្លងទៅ សហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេសរបស់ខ្លួន បានផ្ញើកំណត់ទូតមួយមកកម្ពុជា ដោយបានទទួលស្គាល់ថា គ្រាប់បែកគីមី ដែលបន្សល់ទុកលើដីកម្ពុជានាពេលបច្ចុប្បន្នេះ។

របាយការណ៍បានបង្ហាញថា ក្នុងចន្លោះទសវត្សរ៍ឆ្នាំ៦០ និង៧០ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក រួមទាំងគ្រាប់បែកគិមីផងទម្ងន់ប្រមាណ ២លាន ៧សែនតោននៅដែនដីរបស់កម្ពុជា។ គ្រាប់បែករបស់អាមេរិកនោះ បន្តបន្សល់នៅលើផ្ទៃដីរបស់កម្ពុជាមកដល់ពេលបច្ចុប្បន្ន តែសហរដ្ឋអាមេរិកហាក់មិនបានចូលរួមសហការឲ្យបានពេញលេញក្នុងការបោសសំអាតគ្រាប់ដ៏ប្រល័យទាំងអស់នេះឡើយ។

លោក កេ ដា បានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មិនទាន់បានចូលរួមចំណែកបោសសំអាតគ្រាប់បែកគីមី ដែលនីសេសសល់លើផ្ទៃដីរបស់កម្ពុជា។ តែទោះជាយ៉ាងណា លោក កេ ដា បានអះអាងថា ក្នុងនាមជាប្រទេសសមាជិកនៃអនុសញ្ញាស្តីពីអាវុធគីមី អាមេរិកត្រូវតែមានកាតព្វកិច្ចបោសសំអាតគ្រាប់បែកគីមីទាំងអស់នេះជាកំហិត។

លោក កេ ដា បន្តថា ប្រសិនបើអាមេរិកមិនព្រមបោសសំអាតគ្រាប់បែកគីមីនោះទេ កម្ពុជា នឹងបង្កើតគណៈកម្មការទាមទារអាមេរិកឲ្យបោសសំអាតគ្រាប់គីមី ដែលបន្សល់នៅលើដីកម្ពុជា។

គ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់ក្នុងសម័យសង្រ្គាមទសវត្សរ៍ឆ្នាំ៦០ និង៧០ មិនត្រឹមតែសម្លាប់ និងបង្កផលលំបាកដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលពួកគេប្រតិបត្តិការនោះទេ តែគ្រាប់ទាំងអស់នេះនៅតែបន្តធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋមកដល់ពេលបច្ចុប្បន្ននេះ។

កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋ ៨នាក់នៅក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានទទួលគ្រោះថ្នាក់ដោយសារឥទ្ធិពលគ្រាប់បែកគីមីទាំងនេះ។ មកដល់ពេលនេះ ប្រជាពលរដ្ឋ ៣នាក់ ក្នុងចំណោម ៨នាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

បច្ចុប្បន្នគ្រាប់បែកគីមីរបស់អាមេរិកជាច្រើនគ្រាប់កំពុងបន្សល់នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងនេះ ហើយអាជ្ញាធរអាវុធគីមី និង CMAC កំពុងតែធ្វើប្រតិបត្តិការបោសសំអាតសំណល់គ្រាប់គីមីទាំងអស់នេះផងដែរ ខណៈគ្រាប់បែកគីមីមួយគ្រាប់ត្រូវបានបោសសំអាតរួចហើយ៕