(ភ្នំពេញ)៖ យប់នេះបើគ្មានការប្រែប្រួលទេ ក្រុមឈ្មួញ និងមន្ត្រីអាជ្ញាធរសមត្ថកិច្ចខេត្តតាកែវដែលឃុបឃិតគ្នា អនុញ្ញាតអោយមានការនាំឈើប្រណីត ឈើរាជកុលទៅប្រទេសវៀតណាមនឹងចាប់ផ្ដើមដំណើរការហើយ ដោយគេនាំចេញតាមមាត់ច្រកគំពង់ទូកដរក្បាលពោធ៌ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ។
តាមមន្ត្រីសមត្ថកិច្ចដែលរាយការណ៏ពីកំពង់ទូកដរក្បាលពោធ៌បានអោយដឹងថា មូលហេតុដែលពួកគេហ៊ានសន្និដ្ឋានដូច្នេះ ព្រោះជាទម្លាប់អោយតែមានទូកដឹកធំៗ របស់វៀតណាមចូលមកចតនៅចំណុចកំពង់ដរក្បាលពោធិ៍ ហើយយប់ឡើងដឹងតែមានក្បួនរថយន្តយីឌុប ដឹកឈើប្រណីតប្រភេទធ្នុង និងឈើរាជកុលមកដល់កំពង់ទូក លើកដាក់ដឹកចេញទាំងយប់តែម្ដង។ ជាក់ស្ដែង ថ្ងៃទី១០ ខែតុលានេះ គេបានឃើញទូកដឹកធុនធំរបស់វៀតណាម ចំនួន២គ្រឿងចូលចត នៅកំពង់ទូកក្បាលពោធ៌ហើយយប់ឡើងច្បាស់ជាមានក្បួន រថយន្តដឹកឈើបើកមកទម្លាក់ដើម្បីលើកដាក់ទូកនាំចេញទៅប្រទេសវៀតណាម ដូចសព្វដងហើយ។
តាមប្រភពព័ត៌មានបានបង្ហើបថា ជាទម្លាប់ឲ្យតែទូកធំៗរបស់ឈ្មួញវៀតណាម បើកចូលមកចតនៅកំពង់ដរក្បាលពោធិ៍ ពេលថ្ងៃគឺពេលយប់ប្រាកដជាមាន រថយន្តយីឌុប រថយន្តឃ្លុបដឹកឈើប្រណីត មកកាន់កំពង់ដរនេះយ៉ាងយូរត្រឹមអំឡុងម៉ោង៨ទៅម៉ោង៩យប់ ដើម្បីផ្ទេរឈើពីរថយន្តដាក់ចូលទូកវៀតណាម ប្រើរយៈពេលតែពី៤ទៅ៥ម៉ោងគឺរួចរាល់ រួចហើយម៉ោង២ទៅម៉ោង៣ទៀបភ្លឺ ពួកឈ្មួញវៀតណាមនឹងដឹកឈើ ទាំងនោះចេញតាមទូកឆ្លង ទៅប្រទេសវៀតណាមវិញ ដោយគ្មានរំខានដល់សមត្ថកិច្ច ណាឡើយ ព្រោះអ្វីៗគេជូនដំណឹង និងនិយាយថ្លៃគ្នា មុនរួចរាល់អស់ទៅហើយ។
តាមការបង្ហើបពីមន្ត្រីដែលមិនបានទទួលលាភសក្ការៈនឹងគេ បានអោយដឹងថា បច្ចុប្បន្ននៅខេត្តតាកែវគឺជាច្រកនាំចេញឈើប្រណីត ធ្នុង ឈើសុក្រម រាជកុល ម្រេញ ដ៏ស្ងាត់ស្ងៀមមួយដោយសារតែ នៅក្នុងខេត្តនេះ មានអ្នកបោះមេរត់ការ ទៅគ្រប់សមត្ថកិច្ចស្រុះស្រួលគ្នាទើបគេអនុញ្ញាតអោយ ឈ្មួញដឹកឈើពីក្រៅចូលទៅក្នុងខេត្ត របស់គេសំរាប់នាំចេញ ដែលអ្នកម៉ៅការរត់ការនោះ គឺជាមន្ត្រីនគរបាលថ្នាក់ស្នងការរងម្នាក់ ដែលមានឥទ្ធិពលនៅក្នុងខេត្តទៀតផង។
ដូច្នេះយប់នេះ សូមថ្នាក់លើជួយចុះទៅពិនិត្យមើល នៅកំពង់ទូកដរក្បាលពោធ៌ ស្ថិតក្នុងស្រុកទ្រាំងខេត្តតាកែវផង តើពិតជាមានបទល្មើស ដឹកជញ្ជូនឈើទៅប្រទេសវៀតណាម ដូចគេ រាយការណ៏ពិតមែនឬអត់? អ្នកដឹងរឿងបានបង្ហើបថា សព្វថ្ងៃនេះមាន ឈ្មួញម្នាក់ឈ្មោះឌី នៅខេត្តកំពង់ស្ពឺ និងធ្លាប់បានសមត្ថកិច្ច បង្ក្រាបជាញឹកញាប់បានធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រភេទធ្នង់ ម្រេញ សុក្រម រាជកុលចេញពី ខេត្តពោធ៌សាត់ ឆ្លងកាត់ខេត្តកំពង់ស្ពឺ យកទៅទុកនៅឃ្លាំងមួយកន្លែងក្នុងខេត្តតាកែវ ដើម្បីនាំចេញទៅវៀតណាម តាមច្រកក្បាលពោធិ៍ នេះ។ ចំពោះសកម្មភាពដឹកឈើរបស់ ឌី ក៏គេលួចទម្លាយថា មានសមត្ថកិច្ចមួយរូបដែលមានតួនាទីជាអ្នក បង្ក្រាបបទល្មើសព្រៃឈើ និងជាអ្នករាប់ក្បាលរថយន្តដឹកឈើ យកលុយ បានចូលហ៊ុនរកស៊ីជាមួយ ឈ្មោះឌី នេះទៀតផង៕