(កំពង់ស្ពឺ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ បានធ្វើកិច្ចជំនួបគ្នារវាងតុលាការ និងមន្ត្រីនគរបាលយុត្តិធម៌ មកពីអង្គភាពកងរាជអាវុធហត្ថ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនទៀត ក្រោមកិច្ចសម្របសម្រួលដោយសាលាដំបូងខេត្តកំពង់ស្ពឺ ដែលមានវត្តលោក កែវ សុធា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត លោក ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្ត រួមទាំងមេបញ្ជាការ ស្នងការ កងកម្លាំងមកពីបណ្តាក្រុង ស្រុកទូទាំងខេត្តផងដែរ។

គោលបំណង នៃជំនួបរៀងរាល់០៣ខែម្តងនេះ ត្រូវបានលោកព្រះរាជអាជ្ញា លើកឡើងថា ដើម្បីលុបបំបាត់ភាពមន្ទិលសង្ស័យនាៗ រាល់ការចុះបង្ក្រាប បទល្មើសទាំងឡាយ ដែលពលរដ្ឋតែងតែនិយាយថា បាត់សម្ភារ ការធ្វើរបាយណ៍មិនគ្រប់ របស់ថ្មីក្លាយជារបស់ចាស់ ធ្វើនីតិវិធីមិនត្រឹមត្រូវតាមផ្លូវច្បាប់ ។ល។ ក្នុងនាមអ្នកអនុវត្តច្បាប់ មន្ត្រីនគរបាលយុត្តិ និងស្ថាប័ន តុលាការត្រូវដោះស្រាយធ្វើឡើងដោយមិនសាចទឹកដាក់គ្នាទេ គឺរកវិធីដើម្បីស្របតាមច្បាប់ស្របគោលបំណងបងប្អូនប្រជាពលរដ្ឋ។

លោក កែវ សុធា បានបញ្ជាក់ថា «ចាប់ពីពេលនេះ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវបំពេញភារកិច្ចរបស់ខ្លួន ឲ្យស្របទៅតាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ និងជាអ្នកស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ មិនត្រូវធ្វើអ្វីឲ្យផ្ទុយនិងផ្លូវច្បាប់នោះឡើយ។ មិនត្រូវប្រើវិធីគំរាមកំហែង និងយកដីកាតុលាការ ទៅបង្ហាញចំពោះជនសង្ស័យ ឬជនត្រូវចាប់ខ្លួននោះឡើយ ហើយមិន ត្រូវទទួលផលប្រយោជន៍ពីបទល្មើសក្នុងដែនដីគ្រប់គ្រងទេ»

លោក ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ បានលើកឡើងទាក់ទង នៃនីតិវិធីជាច្រើនក្នុងការឃុំខ្លួន និងការសម្រេចលើកលែងការចោទទៅតាមមាត្រា នៃច្បាប់ក្រមព្រហម្មទណ្ឌ និងបកស្រាយមួយផ្នែកទៀត នៃលិខិតរក្សាការពាររបស់តុលាកាផងដែរ។

លោកថា «មន្ត្រីនគរបាលយុត្តិធម៌មានភារកិច្ច ទទួលពាក្យបណ្ដឹងទាមទារបណ្ដឹង បរិហារព្រមទាំងរបាយការណ៍ នគរបាល យុត្តិធម៌ទាក់ទងបទឧក្រិដ្ឋ បទមជ្ឃិម និងបទលហុនានា។ ចាត់ចែងប្រមូលភស្ដុតាងនានា អាចស្នើសុំជំនួយពីកំលាំងសាធារណៈ រួមនិងធ្វើកំណត់ហេតុ អាចទទួលលិខិត បង្គាប់ឲ្យសួរជំនួស។ អាចសំរេចឃាត់ខ្លួនបានក្នុងរយៈពេល៤៨ម៉ោងយ៉ាងយូរ ក្នុងករណីរឿងឧក្រិដ្ឋ និងមជ្ឃឹមជាក់ស្តែង អាចសួរយកចំឡើយសាក្សី ធ្វើការឆែកឆេរ និងរឹបអូសវត្ថុតាង អាចចាត់តាំង អ្នកជំនាញសំរេចឃាត់ខ្លួនជនល្មើស «៤៨ម៉ោងយ៉ាងយូរ» ចាប់បុគ្គលណា ប្រសិនបើមានភស្តុតាង ឬមានការសង្ស័យដែលមានមូលដ្ឋានច្បាស់ សមស្របធ្វើការចោទប្រកាន់បាន»

លោក ហង់ ស៊ីថា បានថ្លែងទៀតថា មន្ត្រីនគរបាលយុត្តិធម៌ ត្រូវកត់ត្រាក្នុងលិខិតជាលាយល័ក្ខណ៍អក្សរ ដែលហៅថា កំណត់ហេតុនូវការពិនិត្យឃើញរបស់ខ្លួន និងលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន។តាមគោលការណ៍កំណត់ហេតុ មិនមែនជាមូលដ្ឋានចាំបាច់ នៃការចោទប្រកាន់ទេ។ កំណត់ហេតុនោះគ្រាន់តែផ្ដល់ធាតុផ្សំទាំងឡាយ នៃបទល្លើសសំរាប់ជាមូលវិចារណ៍របស់អយ្យការ និងចៅក្រម តែប៉ុណ្ណោះ។ នគរបាលយុត្តិធម៍ ត្រូវបញ្ជូនក្នុងរយៈពេលដ៏ខ្លីបំផុត នូវកំណត់ហេតុរបស់ខ្លួនព្រមទាំងវត្ថុតាង ភ្ជាប់មកជាមួយផង ទៅព្រះរាជអាជ្ញាអមសាលាជំរះក្តី។

មន្ត្រីនគរបាលយុត្តិធម៌មានសិទ្ធិពិនិត្យបញ្ជាក់ផ្ទាល់នូវបទល្មើសព្រហ្មទណ្ឌទាំងឡាយ លើកលែងតែបទល្មើសខ្លះ ដែលច្បាប់តម្រូវឲ្យមានពាក្យបណ្ដឹង ជាមុនដាច់ខាត។ មន្ត្រីនគរបាលយុត្តិធម៌ ក៏មានសិទ្ធិកត់ត្រាចំលើយសាក្សី និងមានសិទ្ធិឆែកឆេរលំនៅដ្ឋានផងដែរ ប៉ុន្តែសិទ្ធិឆែកឆេរលំនៅដ្ឋាននេះ នឹងអាចធ្វើទៅបានតែកាលណាមានរឿងឧក្រិដ្ឋ ឬបទល្មើសជាក់ស្តែងប៉ុណ្ណោះ៕