(ភ្នំពេញ)៖ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា គណបក្សប្រឆាំងនឹងពិចារណាក្នុងការជ្រើសរើសប្រធានថ្មីនៅពេលខាងមុខនេះ ក្រោយពេលតុលាការកាត់សេចក្តី ចំពោះសំណុំរឿង លោក កឹម សុខា ដែលមានតួនាទីជាប្រធានគណបក្សនេះបច្ចុប្បន្ន។

ការអះអាងរបស់ លោក សុន ឆ័យ បានធ្វើឡើងតាមរយៈសន្និសីទកាសែតខ្លីមួយ ជូនដល់ក្រុមអ្នកសារព័ត៌មាន នៅស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយកិច្ចប្រជុំរបស់គណបក្សសង្រ្គោះជាតិ។

លោក សុន ឆ័យ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងមិនរឹងទទឹងទេ ដូចយើងឃើញករណីឯកឧត្តមសម រង្ស៊ី នៅពេលដែលច្បាប់គណបក្សនយោបាយ ត្រូវបានអនុវត្តដោយគណបក្សប្រជាជន ដែលហាមឃាត់ប្រធានគណបក្ស ដែលទទួលការកាត់សេចក្តីពីតុលាការ មិនឱ្យដឹកនាំគណបក្ស មិនឱ្យទាក់ទងឬយ៉ាងណានោះ គឺថាគណបក្សបានអនុវត្តតាម។ ទោះបីជា យើងមិនពេញចិត្តនឹងច្បាប់នោះ ប៉ុន្តែយើងអនុវត្តតាម ហើយយើងបានធ្វើសមាជ តែងតាំងឯកឧត្តម កឹម សុខា មកជំនួស ប៉ុន្តែករណីឯកឧត្តម កឹម សុខា គឺតុលាការមិនទាន់កាត់ សេចក្តីនៅឡើយ។ បើកាលណាមានការកាត់សេចក្តីហើយ គណបក្សនឹងពិចារណានៅពេលនោះថាតើ ត្រូវជ្រើសរើសនរណាមកដឹកនាំការងារបន្ត»

លោក សុន ឆ័យ បានបន្តទៀតថា គណបក្សសង្រ្គោះជាតិ នឹងសម្របសម្រួលទៅតាមច្បាប់ ដើម្បីរក្សានូវដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ការលើកឡើងរបស់ លោក សុន ឆ័យ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានដាក់ពាក្យប្តឹងទៅតុលាការកំពូល ដើម្បីឱ្យរំលាយគណបក្សសង្រ្គោះជាតិ ដោយសារតែប្រធានគណបក្សនេះ ត្រូវបានសមត្ថកិច្ចរកឃើញថា បានប្រព្រឹត្តអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធនឹងបណ្តឹងនេះ តុលាការកំពូល បានចេញដីកាបង្គាប់ទៅគណបក្សសង្គ្រោះជាតិ ឲ្យដាក់ឯកសារត្រៀម ដើម្បីឆ្លើយតបទៅនឹងពាក្យបណ្ដឹង សុំរំលាយគណបក្សសង្គ្រោះជាតិ របស់ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល២០ថ្ងៃ។ នេះបើយោងតាមដីកាបង្គាប់ឲ្យដាក់ឯកសារត្រៀមរបស់ចៅក្រម តុលាការកំពូល នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧៕