(កំពង់ធំ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដល់អំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះ ដោយសារទឹកជំនន់ចំនួន ៧៤៩គ្រួសារ រស់នៅក្នុងឃុំចំនួន ៨ នៃស្រុកស្ទោង ខេត្តកំពង់ធំ។

ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅទីតាំង ៤ផ្សេងគ្នា រួមមាន ៖
១-ស្ថិតក្នុងបរិវេណវត្តឈើទាល មានប្រជាពលរដ្ឋចំនួន ១៧១ គ្រួសារ
២-ក្នុងបរិវេណវត្តថ្មី សម្រាប់ប្រជាពលរដ្ឋចំនួន ២៣៤គ្រួសារ
៣-ក្នុងបរិវេណវត្តព្រះដំរី សម្រាប់ប្រជាពលរដ្ឋចំនួន ៣១៦ គ្រួសារ
៤-សាលាឆទានភូមិនាងសល្ងាច សម្រាប់ប្រជាពលរដ្ឋចំនួន ២៨ គ្រួសារ ។

ក្នុងឱកាសសំណេះសំណាលនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំសេចក្ដីផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្ដីនឹករលឹក របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនចំពោះគ្រួសាររងគ្រោះ ដែលមកទទួលអំណោយមនុស្សធម៌ នាថ្ងៃនេះ។ ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋសព្វថ្ងៃកំពុងរស់នៅក្រោមម្លប់សន្តិភាពបរិបូរណ៍នេះ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ បន្ថែមពីនេះទៀត សូមមើលថែរក្សាកូនចៅតូចឱ្យបានល្អ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ និងត្រូវដាំបន្លែដំណាំជុំវិញផ្ទះឱ្យបានច្រើន សម្រាប់ទទួលទានក្នុងក្រុមគ្រួសារ ជាជាងទិញបន្លែពីផ្សារ។ ជាងនេះទៅទៀត សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរទោះជិត ឬឆ្ងាយ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលមកទទួលផល បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលយកព្រះទ័យ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ៕