(ភ្នំពេញ)៖ សំណង់រោងដែកដ៏ធំមួយកន្លែង បានសាងសង់ទាំងមិនមានសុំការអនុញ្ញាត «ពោលគឺគ្មានច្បាប់» ត្រូវបានលោក ស្មាស រិទ្ធី ប្រធានការិយាល័យអន្តរវិស័យ ខណ្ឌឫស្សីកែវ ដឹកនាំមន្ត្រីជុំនាញចុះទៅធ្វើការផ្អាកជាបន្ទាន់ភ្លាមៗ ជាបណ្ដោះអាសន្នសិន ដើម្បីឲ្យម្ចាស់ទីតាំងស្នើសុំធ្វើបែបបទ ឲ្យបានត្រឹមត្រូវជាមុន ទើបអនុញ្ញាតឲ្យសាងសង់បន្តទៀតបាន។

ប្រធានការិយាល័យអន្តរវិស័យ ខណ្ឌឫស្សីកែវ លោក ស្មាស រិទ្ធី បានបញ្ជាក់ថា សំណង់រោងដែកដ៏ធំខាងលើមានទំហ៊ំ១២ម៉ែត្រ×១៨ម៉ែត្រ មានម្ចាស់លោកស្រី ម៉ៅ វណ្ណា បានផ្អាកការសាងសង់ភ្លាមៗជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ក្រោយពីមានការណែនាំពីអភិបាលខណ្ឌលោក ជា ពិសី និងមានការបញ្ជាដោយផ្ទាល់ពីអភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ គឺដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីលិខិតអនុញ្ញាតសាងសង់ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងបទដ្ឋានរបស់ស្ថាប័នជំនាញរៀបចំដែនដីនគរូបនីយកម្ម និងសំណង់របស់លោក-លោកស្រីជាម្ចាស់សំណង់ ឬជាងសំណង់ ត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ហើយបំពេញបែប​បទស្នើសុំលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ហើយរងចាំរហូតទទួលបានលិខិតអនុញ្ញាត និងលិខិតបើកការដ្ឋាន ទើបអាចបន្តការសាងសង់តទៅទៀតបាន។

ប្រធានការិយាល័យអន្តរវិស័យខណ្ឌរូបនេះ បានបញ្ជាក់ទៀតថា បើក្នុងករណីម្ចាស់សំណង់ ឬជាងសំណង់នៅតែបន្តការសាងសង់ទាំងមិនមានលិខិតអនុញាត នោះរដ្ឋបាល​ខណ្ឌនឹងចាត់វិធានការរដ្ឋបាលឃាត់យកសម្ភារៈ ឧបករណ៍សំណង់មករក្សាទុកជាបណ្ដោះអាសន្ន ដោយមិនទទួល​ខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីឡើយ និងរាល់ហានិភ័យដែលកើតឡើងដោយគ្រោះថ្នាក់ពលកម្ម ការបាក់ស្រុត ដួលរលំសំណង់ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នោះលោក-លោកស្រី ជាម្ចាស់សំណង់ ឬជាងសំណង់ ដាច់ខាតទទួលខុសត្រូវទាំងស្រុង​ចំពោះមុខច្បាប់​ជាធរមាន៕