(ប៉ៃលិន)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ អញ្ជើញជាអធិបតី រៀបចំសិក្ខាសាលាស្តីពីការត្រួតពនិត្យវឌ្ឍភាព នៃការអនុវត្តកម្ម វិធីថ្នាក់ជាតិ កំណែទម្រង់ រដ្ឋបាលសាធារណៈ ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់លោក កើត សុធា អភិបាលខេត្តប៉ៃលិន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកលោកស្រី ប្រធានអនុប្រធានមន្ទីរ និងសិក្ខាកាមដែលជាមន្ត្រីរាជការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តចំនួន៥ គឺមកពីខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន សរុបចំនួនប្រមាណ២០០នាក់ចូលរួមផងដែរ។
លោក ពេជ្រ ប៊ុនធិន បានថ្លែងថា សិក្ខាសាលានេះ រៀបចំទ្បើងដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងកំណត់នូវបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីជាតិកំណែ ទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងស្វែងរកដំណោះស្រាយ និងដាក់ចេញនូវសកម្មភាពការងារអាទិភាពសម្រាប់អនុវត្តកម្មវិធីជាតិកំណែទម្រង់ រដ្ឋបាលសាធារណៈជំហានបន្ទាប់។
លោក ពេជ ប៊ុនធិន បានបន្តថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលបានធ្វើការកែទម្រង់លើគ្រប់វិស័យជាពិសេសការកែទម្រង់វិស័យ មុខងារសាធារណៈ ឲ្យប្រែក្លាយជាអភិបាលកិច្ចល្អ ដូចនេះគ្រប់ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងមន្រ្តីគ្រប់ៗ រូបទាំងអស់ត្រូវអនុវត្ត ឲ្យបានដើម្បីធានាអំពីភាពជោគជ័យ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈការចូលរួមអនុវត្តការងារ កែទម្រង់រដ្ឋបាល សាធារណៈ ឲ្យបានសកម្ម និងខ្លាំងក្លាថែមទៀត ក្នុងការឆ្លើយតបទៅនឹងកំណើត នៃសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើឲ្យបានល្អប្រសើរឡើង។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងមុខងាសាធារណៈ នៅក្នុងឆ្នាំ២០១៧នេះ បានផ្តោតសំខាន់ នៃការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី កំណែទម្រង់រដ្ឋបាលសារធាណៈធៀបទៅនឹងសូចនាករគោលនៃសមិទ្ធកម្មទាំង៩ មានដូចជា៖ ទី១៖ មុខងារសាធារណៈទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិត្រូវរៀបចំជាអង្គវិជ្ជាជីវៈ និងមានការកំណត់មុខតំណែងច្បាស់លាស់, ទី២៖ ការកសាងសមត្ថភាពមន្រ្តីរាជការមានប្រសិទ្ធិភាព និងមានប្រព័ន្ធវាយតម្លៃច្បាស់លាស់, ទី៣៖ ប្រព័ន្ធបៀវត្សមន្រ្តីរាជការមានសង្គតិភាព សមធម៌ និងគាំទ្រផលិតភាព, ទី៤៖ ការវិភាគមុខងារ និងការត្រួតពិនិត្យប្រតិបត្តិការឡើងវិញរបស់ក្រសួងស្ថាប័ន ត្រូវអនុវត្តនិងធ្វើវិចារណកម្ម, ទី៥៖ ប្រព័ន្ធគ្រប់គ្រងគុណផលការងារនិងប្រព័ន្ធលើកទឹកចិត្ត ត្រូវបានដាក់អោយដំណើរការ, ទី៦៖ ប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃគុណភាព និងប្រសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈត្រូវបានដាក់អនុវត្ត, ទី៧៖ ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងធនធានមនុស្ស ត្រូវដាក់អោយអនុវត្តគ្រប់គ្រងក្រសួងស្ថាប័ន, ទី៨៖ ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា ត្រូវបានពង្រីកជាលំដាប់, និងទី៩៖ ការបង្កើតឡើងនៃមន្រ្តីរាជការជាស្រ្តីក្នុងមុខងារសាធារណៈ និងក្នុងកម្រិតគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
ការលើកឡើងទាំង៩ចំនុចនេះសូមឲ្យសិក្ខាកាមទាំងអស់ត្រូវចូលរួមអនុវត្តតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែទម្រង់រដ្ឋបាល សាធារណៈ សំដៅសម្រេចឲ្យបានជោគជ័យតាមកម្មវិធីជាតិ និងត្រូវបង្កើនពង្រឹងពង្រីកចំនេះដឹងសមត្ថភាពដើម្បីដឹកនាំអង្គភាពស្ថាប័ន ទៅបានត្រឹមត្រូវទៅតាមតួនាទីជាពិសេសការផ្តល់សេវា បម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានថ្លែងថា សិក្ខាសាលាដែលរៀបចំឡើងនៅពេលនេះពិតជាមានសារៈសំខាន់ណាស់ដល់ថ្នាក់ដឹកនាំមន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ទាំងអស់អោយបានដឹងពីបទដ្ឋានគតិយុតិនៃការកែទម្រង់រដ្ឋបាលសាធារណៈក្នុងការប្រែក្លាយរដ្ឋបាលសាធារណៈ ឲ្យទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធិភាព និងជាដៃគូអភិវឌ្ឍដែលអាចជឿទុកចិត្ត សំដៅបម្រើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើឡើងថែមទៀតស្រមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ការណែនាំពន្យល់របស់មន្ត្រីជំនាញដើម្បីទទួលបានពុទ្ធិល្អៗ និងបទពិសោធន៍ថ្មីៗក្នុងន័យអភិវឌ្ឍន៍ រដ្ឋបាលសាធារណៈដើម្បីចូលរួមលើកកម្ពស់ និងការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាព។
គូបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងកងយោធពលខេមរភូមិន្ទឲ្យបានលើសពី១លានរៀលនៅឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៧នេះ បៀវត្សអប្បបរមាក្នុងវិស័យអប់រំ ចំនួន៩៥៣៥០០រៀល វិស័យសុខាភិបាល៩៥៣,៥០០រៀល វិស័យរដ្ឋបាលបច្ចេកទេស និងការទូត៨៥៣,៥០០រៀល ចំណែកនគរបាលជាតិ៩៣៧ ៩៧៧រៀល និងកងយោធពលខេមរភូមិន្ទ៨៨០ ៩៧៧រៀលក្នុងមួយខែ៕