(មណ្ឌលគិរី)៖ ឧទ្យានជាតិដ៏ធំជាងគេមួយនៅកម្ពុជា នឹងលេចជារូបរាងឡើងលើផ្ទៃដីប្រមាណជាង២០ហិកតា ស្ថិតនៅចំកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមការអនុញ្ញាតឲ្យបង្កើតឡើងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទុកជាកាដូថ្មីសន្លាងមួយទៀតសម្រាប់ជនរួមជាតិខ្មែរ ជាពិសេសអ្នកខេត្តមណ្ឌលគីរីតែម្តង។

ឧទ្យានជាតិថ្មីនេះ មានបណ្តោយជាង២គីឡូម៉ែត្រ គ្រោងចំណាយថវិកាជាតិជាង៣លានដុល្លារអាមេរិក ត្រូវបានប្រសិទ្ធនាមថា «សួនឧទ្យានសែនមនោរម្យ»។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា តែងតែគិតគូរជានិច្ចដល់សុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើឲ្យប្រទេសមានភាពសម្បូរសប្បាយ មានសន្តិភាព មានលំហូរចូលច្រើនលើវិស័យវិនិយោគ ពង្រីកការអភិវឌ្ឍលើគ្រប់វិស័យ។

ជាងនេះទៅទៀត សម្រាប់ខេត្តមណ្ឌលគិរី ដើម្បីឆ្លើយតប និងបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើឱ្យខេត្តនេះកាន់តែមានការទាក់ទាញទេសចរឲ្យកាន់តែប្រសើរឡើងថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រទានកាដូថ្មីសន្លាងមួយទៀត នោះគឺឧទ្យានជាតិធំមួយ ដែលសាងសង់នៅចំកណ្តាលបេះដូងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី គ្រោងចំណាយថវិកាជាតិជាង៣លានដុល្លារអាមេរិក។

លោកអភិបាលខេត្តភាគឦសានរូបនេះ បានបន្តថា ការបើកការដ្ឋានសាងសង់សួនឧទ្យានសម្តេចតេជោសែនរ៉ានីនេះ នឹងប្រព្រឹត្តទៅជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ៕