(ភ្នំពេញ)៖ មន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងតំណាងសហព័ន្ធកីឡាជាតិ រួមទាំងកីឡាករ-កីឡាការិនី បានសម្ដែងក្ដីរំភើបរីករាយយ៉ាងក្រៃលែង ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញធ្វើដំណើរតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយមិនគិតថ្លៃ កាលពីព្រលប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានលើកឡើងថា ការផ្ដល់កាដូពិសេសដល់កីឡាករ-កីឡាការិនីជំនាញកម្ពុជានេះ គឺសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់កាន់តែធំធេងបន្ថែមទៀត ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់កីឡាករ-កីឡាការិនី ទៅហ្វឹកហាត់គ្រប់ទីកន្លែង ដែលមានខ្សែធ្វើដំណើររបស់រថយន្ដក្រុងនៃ សាលារាជធានីភ្នំពេញ។ ពិសេសគឺការផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីម្នាក់ៗ បានដុះខាតសមត្ថភាពខ្លួនឲ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

អគ្គលេខាធិការរូបនេះបន្ដថា «បច្ចុប្បន្នកីឡាជំនាញ ទាមទារការហ្វឹកហាត់ជាប់លាប់ជារឿងសំខាន់ តែពេលខ្លះ ត្រូវរាំងស្ទះ ដោយសារបញ្ហាចរាចរណ៍ ស្របពេលទីលានហ្វឹកហាត់ខ្លះនៅឆ្ងាយ ហើយទីលានខ្លះមាននៅជាងក្រុង។ ម្យ៉ាងទៀត វាអាចប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ដូច្នេះក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិក ខ្ញុំសូមគាំទ្រ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីបានផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅហ្វឹកហាត់របស់កីឡាករ-កីឡាការិនីជំនាញ ដែលនឹងជំរុញឲ្យវិស័យកីឡាជាតិ កាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត»

ដោយឡែកលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាវិញ បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យគ្រប់សហព័ន្ធកីឡាជាតិ និងកីឡាករ-កីឡាការិនីកម្ពុជា កាន់តែមានភាពកក់ក្ដៅក្នុងការលេងកីឡាជំនាញ។ លោកនិយាយថា «ខ្ញុំបានឃើញព័ត៌មានតាម Fresh News ខ្ញុំសប្បាយចិត្តណាស់។ ជារួមមិនមែនតែខ្ញុំផ្ទាល់ទេ សូម្បីកីឡាករ-កីឡាការិនី និងកីឡាដទៃ ក៏ដូចគ្នាដែរ ដោយសារមើលឃើញពីការយកចិត្តទុកដាក់គ្រប់ពេលវេលាពីប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលចំណុចទាំងអស់នេះ គឺជាផលប្រយោជន៍យ៉ាងសំខាន់របស់កីឡាករ-កីឡាការិនីជាតិ»

«ម្យ៉ាងវិញទៀត នៅថ្ងៃអនាគតដ៏ខ្លីខាងមុខកីឡាជាច្រើន នឹងត្រូវទៅហ្វឹកហាត់ ក៏ដូចជាប្រកួតនៅស្ដាតថ្មី គឺពហុកីឡដ្ឋានជាតិមរតកតេជោ។ ដូច្នេះវាជាមធ្យោបាយដ៏ល្អ ហើយក៏រួមចំណែកកាត់បន្ថែមភាពកកស្ទះចរចរណ៍ដែរ។ ដូច្នេះការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់កីឡាករ-កីឡាការិនីជំនាញជាង ៥,០០០នាក់មានសិទ្ធិជិះរថយន្ដក្រុងសាធារណៈដោយឥតបង់លុយហ្នឹង គឹជាចំណុចដ៏ល្អមែនទែន ហើយក្នុងនាមខ្ញុំតំណាងឲ្យសហព័ន្ធមួយ ខ្ញុំពិតជាត្រេកអរ ហើយខ្ញុំសូមជូនពរសម្ដេចតេជោ ឲ្យទទួលបានតែសុខភាពល្អបរិបូរណ៍ ដើម្បីបន្ដដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត»។ លោក ណយ ផាណា បន្ថែម។

ដោយឡែកវីរៈកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោកកីឡាប៉េតង់ ២ជំនាន់បានឲ្យដឹងដែរថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ ក្រោយបានលឺដំណឹងដ៏ល្អពេលនេះ។ ខ្ញុំពិតជាថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់សុខទុក្ខកីឡាករ-កីឡាការិនីជានិច្ច...។ ការបើកឲ្យកីឡាករ-កីឡាការិនីធ្វើដំណើរដោយឥតគិតថ្លៃនេះ ខ្ញុំគិតថាជារឿងល្អបំផុត ព្រោះអ្នកខ្លះ គាត់មិនសូវមានធនធាន ហើយពេលខ្លះត្រូវខកខានមិនបានមកហាត់ ហើយអ្នកខ្លះនៅឆ្ងាយ ពិបាកធ្វើដំណើរ។ ដូច្នេះការសម្រេចបែបនេះ នឹងកាត់បន្ថយការចំណាយរបស់កីឡាករ-កីឡាការិនី ហើយធ្វើឲ្យវិស័យកីឡាជាតិរីកចម្រើនកាន់តែខ្លាំង ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣»

គួរបញ្ជាក់ថា តាមការបញ្ជាក់ឲ្យដឹងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បច្ចុប្បន្នកីឡាជំនាញ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាជំនាញ ដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ គឺមានប្រមាណជាង ៥,០០០នាក់ ហើយ NOCC នឹងរៀបចំឯកសារ ធ្វើបណ្ណសម្គាល់ដល់កីឡាករ-កីឡាការិនីជំនាញទាំងនោះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរដោយឥតគិតថ្លៃ តាមរយៈរថយន្ដក្រុងរបស់សាលារាជធានីភ្នំពេញ៕