(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យប្រើប្រាស់ហើយនូវគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០១៧-២០២៥ ដើម្បីជំរុញការវិនិយោគលើវិស័យសំខាន់ៗ ដែលជាសសរស្តម្ភទ្រទ្រង់សេដ្ឋកិច្ចជាតិតាម រយៈការផ្គត់ផ្គង់ឲ្យ បានគ្រប់គ្រាន់នូវកម្លាំងពលកម្មប្រកបដោយផលិតភាពខ្ពស់។

គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០១៧-២០២៥ ត្រូវបានផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ឲ្យអនុវត្តន៍នូវ «គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥»នេះ ពិតជាមានភាពចាំបាច់បំផុតក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលបានកំណត់ជាអាទិភាពក្នុងការសម្រេចបាននូវកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ការអភិវឌ្ឍធនធានមនុស្សលើផ្នែក អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើនឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដោយសមធម៌ ដើម្បីលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងភាពសុខដុមរមនាសង្គម។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំ និងដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើតយុទ្ធសាស្រ្តនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់កម្លាំងពលកម្មឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនិងបង្កើត ការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់របស់កម្លាំងពលកម្ម ដែលអាចប្រកួតប្រជែងប្រសើរជាងមុនជាមួយ បណ្តាប្រទេសក្នុងតំបន់។

ដើម្បីអនុវត្តន៍គោលនយោបាយនេះ ឲ្យទទួលបានជោគជ័យសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍សំខាន់ចំនួន៧ចំណុចបន្ថែម។ អនុសាសន៍ទាំង ៧ចំណុចនោះរួមមាន៖
១). ត្រូវបន្តពង្រឹងគុណភាពនៃការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបន្តអនុវត្តប្រព័ន្ធធនាគារ ប្រព័ន្ធធានាគុណភាព និងពង្រីកសមត្ថភាពបច្ចេកទេសគ្រូបណ្តុះបណ្តាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្នផងដែរ។

២). ត្រូវបន្តកែលំអរ ប្រព័ន្ធគ្រប់គ្រង់ព័ត៌មានអប់រំ បណ្តុះបណ្តលបច្ចេកទេសវិជ្ជាជីវៈ និងពង្រីកប្រព័ន្ធព័ត៌មានទីផ្សារការងារ យកចិត្តទុកដាក់បង្កើនកម្លាំពលកម្ម និង ពង្រឹងនិងពង្រីកទិន្ន័យទីផ្សារការងារអោយបានល្អ។

៣). ត្រូវបន្តពង្រឹង និង ពង្រីកទីភ្នាក់ងារជាតិមុខរបបរ និងការងារដើម្បីអោយទីផ្សារការងារកាន់តែទូលំទូលាយ។
៤). ត្រូវបង្កើនឱកាសបន្ថែមទៀតដល់ប្រជាជនដើម្បីទទួលបាននូវជំនាញសម្រាប់ជីវិតដោយយកចិត្តទុក្ខដាក់ ជាពិសេសលើស្ត្រី ជនរងគ្រោះ យុវជនទីទាល់ក្រ សិស្សដែលបានបោះបងការសិក្សា ពលករចំណាក ស្រុក និង ជនជាតិភាគតិច ដើម្បីបណ្តុះបណ្តាលអោយមានចំណេះជំនាញ។

៥). បង្កភាពងាយស្រួលក្នុងការទំនាក់ទំនងដល់សិស្សនិស្សិត រវាងប្រពន្ធ័អប់រំទូទៅ និង ប្រពន្ធ័អប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោយត្រូវផ្តល់អាហារូបករណ៍ ប្រាក់ឧបត្ថម និងកន្លែងស្នាក់នៅអោយបានគ្រប់គ្រាន់ នឹងលើកទឹកចិត្តដល់សិស្សនិស្សិតអោយមកចូលមកសិក្សានៅក្នុងប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈអោយកាន់តែច្រើនឡើង។

៦). ត្រូវលើកទឹកចិត្តភាពជាដៃគូរវាងរដ្ន និងឯកជន អោយចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ហើយបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងគម្រោងដៃគូអភិវឌ្ឍនានាទាំងក្នុងក្របខ័ណ្ឌ និងពហុភាគី ដែលជាប់ពាក់ព័ន្ធដើម្បីចូលរួមអភិវឌ្ឍន៍ប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។

៧). ត្រូវបំផុសនូវយុទ្ធនាការ បង្កើនផលិតភាពការងារ ទិន្នផលការងារ និងប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងនៅក្នុងការទាក់ទាញវិនិយោគ និងការកើនឡើងនូវប្រាក់ឈ្នួលអប្បរមា។

សូមបញ្ជាក់ថា គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ នេះ គឺជាផ្នែកមួយនៃផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសការអភិវឌ្ឍជំនាញតាមរយៈការផ្តល់នូវជំនាញ សមត្ថភាព និងចំណេះដឹងទាក់ទងនឹងការងារដល់ប្រជាជនកម្ពុជាគ្រប់រូបសម្រាប់ការងារពេញមួយជីវិតប្រកបដោយផលិតភាពខ្ពស់ និងការប្រកួតប្រជែងទាំងក្នុងនិងក្រៅប្រទេស។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គ្រឹះស្ថានសិក្សា និងសាលាវិជ្ជាជីវៈនៅកម្ពុជាសរុបមានចំនួន៣២៥ ក្នុងនោះមានគ្រឹះស្ថានក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១១៣ ដែលមានគ្រឹះស្ថានសាធារណៈចំនួន ៣៩។
របាយការណ៍បានបង្ហាញដែរថា ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនសិក្ខាកាម សិស្ស និស្សិត កម្រិតវិញ្ញាបនបត្ររយៈពេលខ្លីក្រោមរយៈពេល ១ឆ្នាំ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បរិញ្ញាបត្របច្ចេកវិទ្យា សញ្ញាបត្រវិស្វករ បិរញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា និងបានបហ្វឹកហ្វឺនកូនជាងដល់កម្មករនិយោជិតបានប្រមាណ ៣១ម៉ឺននាក់៕