(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពឆក់ខ្សែ-ក យ៉ាងសកម្មនៅ រាជធានីភ្នំពេញម្នាក់ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចមុខផ្ទះលេខ៤៣ ផ្លូវ៥៧៤ កែង៣១៧ ក្រុម២០ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នគរបាលខណ្ឌទួលគោក បានថ្លែងឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អិត ម៉ូ  (ហៅម៉ូ) អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល គ្មានលេខផ្លូវលេខលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានរួមមានម៉ូតូចំនួន១គ្រឿង ម៉ាក Suzuki Viva ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៨ គ្មានស្លាកលេខ (ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព) ខ្សែកប្លាទីនចំនួន១ខ្សែ (ជារបស់ជនរងគ្រោះ)។ ជនរងគ្រោះ ឈ្មោះ ញឹម ម៉ារ៉ា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិក សាលាបង្រៀនឯកជន ស្នាក់នៅផ្ទះជួលពុំចាំលេខផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។  

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវនគរបាលខណ្ឌទួល កសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីចាត់ការតាម នីតិវិធីច្បាប់៕