(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ កម្មករនិយោជិត និងបុគ្គលិកក្នុងវិស័យឯកជន ទូទៅនោះ រាជរដ្ឋាភិបាលកំណត់ ក្នុងច្បាប់ថវិកាឆ្នាំ២០១៨ថា ចាប់ពីខែមករា ឆ្នាំ២០១៨តទៅអ្នកដែលមានប្រាប់បៀវត្សរ៍ត្រឹម១លាន២សែនរៀល មិនត្រូវបង់ពន្ធលើប្រាក់បៀវត្សរ៍ឡើយ ខណៈបច្ចុប្បន្ននេះ អ្នកមានប្រាប់បៀវត្សរ៍ចាប់ពី១លានរៀលត្រូវជាប់ពន្ធ។

ការថ្លែងរបស់សម្តេចតេជោបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ក្នុងពិធីផ្សព្វផ្សាយគោល នយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។    

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅពេលខាងមុខនេះ មិនយូរប៉ុន្មានទេ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរបស់យើង បៀវត្សរ៍ដែលត្រូវឡើងទាបបំផុត នឹង១លានរៀល។ ក្នុងន័យបែបនេះ ច្បាប់ថវិកាដែលនឹងត្រូវឆ្លងនៅថ្ងៃទី២៧ ខាងមុខនេះ។ កាលពីមុនយើងកំណត់ថា ៥០ម៉ឺនរៀលជាប់ពន្ធ (ពន្ធលើប្រាក់បៀវត្សរ៍) នៅឆ្នាំ២០១៦ យើងបានដំឡើងដល់៨០ម៉ឺនរៀល ទើបជាប់ពន្ធ សម្រាប់ឆ្នាំ២០១៧នេះ យើងបានសម្រេចថាទៅដល់១លានរៀលទើបជាប់ពន្ធ។ ឥឡូវនេះដើម្បីកុំឲ្យអ្នកដែលមាន បៀវត្សទាបបំផុតជាង១លានរៀលត្រូវជាប់ពន្ធ នៅក្នុងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ខាងមុខនេះ ដែលយើងត្រៀមនឹងឆ្លង គឺនឹងដាក់ដំឡើងពី១លានរៀល ទៅដល់១លាន២សែនរៀលទើបជាប់ពន្ធ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា អត្ថប្រយោជន៍នៃការដំឡើង អត្រាប្រាក់បៀវត្សដល់១លាន២សែនរៀលទើបជាប់ពន្ធនេះ មិនត្រឹមតែបានចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនោះទេ ប៉ុន្តែបានផ្តល់ប្រយោជន៍ទូទៅដល់កម្មករ ដល់គ្រប់ផ្នែកទាំងអស់ដែលមានប្រាក់បៀវត្សរ៍ ដែលអាចនិយាយថា អ្នកដែលមានប្រាប់បៀវត្សរ៍៣០០ដុល្លារ ចុះក្រោមគ្មានជាប់ពន្ធនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការសម្រួលអត្រាថ្មីនេះ នឹងជួយសម្រួលជីវភាពដល់មន្ត្រីរាជការ កម្មករ កម្មការិនី និងបុគ្គលិកក្រុមហ៊ុនទាំងអស់ ដែលទទួលបានការដំឡើងប្រាក់បៀវត្ស ប៉ុន្តែមិនត្រូវបានជាប់កាតព្វកិច្ចពន្ធនោះឡើយ។  

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងក្តីរំពឹងទុកថា សមាជិក សមាជិការនៃរដ្ឋសភា នឹងគ្រាំទ្រនូវច្បាប់ថវិកានេះ ជាពិសេសការកំណត់ចំនួនប្រាក់ បៀវត្សរ៍ចាប់ពី១លាន២សែនរៀល ទើបជាប់ពន្ធនេះ ព្រោះដើម្បីផលប្រយោជន៍ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងកម្មករ និយោជិត ដែលនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ។

សូមជម្រាបថា ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងប្រទេសកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានកំណត់អត្រាពន្ធលើប្រាក់បៀវត្សរ៍ដូចជា៖

១៖ ពី ០ រៀល ដល់ ១,០០០,០០០រៀល អត្រាពន្ធ ០% (មិនបង់ពន្ធឡើយ)
២៖ ពី ១,០០០,០០១រៀល ដល់ ១,៥០០,០០០រៀល អត្រាពន្ធ ៥%
៣៖ ពី ១,៥០០,០០១ រៀល ដល់ ៨,៥០០,០០០រៀល អត្រាពន្ធ ១០%
៤៖ ពី ៨,៥០០,០០១ រៀល ដល់ ១២,៥០០,០០០រៀល អត្រាពន្ធ ១៥%
៥៖ លើសពី ១២,៥០០,០០០រៀល ២០%