(ភ្នំពេញ)៖ ក្រុមហ៊ុនទេសចរណ៍ចិន Lamei Airlines (Cambodia) Co.,Ltd បានបើកសម្ពោធជាផ្លូវការ នៃការដាក់ដំណើរការជើងហោះហើរ នៅប្រទេសចំនួន៦ និងមូលនិធិ Thanks giving Foundation (មួយរយរៀល) នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា នៅសណ្ឋាគារ សូហ្វីតែល។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃរាជ បូរ គ្រី , លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង, ឯកអគ្គរដ្ឋទូតចិន លោក Xiong Bo, លោកទេសរដ្ឋមន្ដ្រី លីធុច,ទេសរដ្ឋមន្ដ្រី យឹម ណុលឡា, រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវ៉ាន់ណាល់, លោកសូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោកបណ្ឌិត លី គន្ធ ជាប្រធាន និងជានាយកប្រតិបត្ដិ Lamei Airlines (Cambodia) Co.,Ltd និងភ្ញៀវជាតិ-អន្ដរជាតិជាច្រើនទៀត។

ក្នុងឱកាសនោះ លោកបណ្ឌិត លី គន្ធ បានថ្លែងថា បើគ្មានការជួយជ្រោមជ្រែង ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ព្រលានយន្ដហោះក្នុងស្រុក ពិតជាមិនអាចប្រព្រឹត្ដទៅបានឡើយ ដើម្បីឲ្យក្រុមហ៊ុនអាកាសចរណ៍ Lamei Airlines សម្រេចបានជោគជ័យ ក្នុងការរៀបចំ និងដាក់ឲ្យដំណើរការជើងហោះហើរនេះឡើយ ហើយសម្រាប់គោលបំណងចម្បង របស់ Lamei Airlines គឺជំរុងលើកកម្ពស់ ការភ្ជាប់ទំនាក់ទំនង និងបម្រើសេវាតាមយុទ្ធសាស្ដ្រអភិវឌ្ឍន៍ Quadrangle ប្រទេសកម្ពុជា និងគំនិតផ្ដួចផ្ដើម B&R របស់ប្រទេសចិន និងLMC។ ក្រុមហ៊ុន Lamei Airlines បានរៀបចំយុទ្ធសាស្ដ្រអភិវឌ្ឍន៍ ៣៦៩ ហើយនឹងមានយានយន្ដហោះចំនួន០៦គ្រឿងនៅឆ្នាំដំបូង និងបង្កើនរហូតដល់ទៅ២០គ្រឿងក្នុងរយ់ពេល៣ឆ្នាំ។

លោកឧបនាយករដ្ឋមន្ដ្រី ហោណាំហុង បានថ្លែងអបអរសាទរចំពោះបេសសកម្មរបស់ក្រុមហ៊ុន អាកាសចរណ៍ Lamei Airlines ព្រលានយន្ដហោះអន្ដរជាតិថ្មី និងផ្លូវជាតិក្រុងព្រះសីហនុ សុទ្ធតែឋិត នៅក្នុងគំនិតផ្ដួចផ្ដើម B&R ហើយលោកឧបនាយករដ្ឋមន្ដ្រី បានជឿជាក់ថា​ ក្រុមហ៊ុនអាការចរណ៍នេះ នឹងក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីមួយ រួមទាំងបង្កើតវិថីលើមេឃ សម្រាប់ប្រទេស ទាំង៦ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ចិន និងប្រទេសផ្សេងទៀតមកកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ។លើសពីនេះ សម្រាប់មូលនិធិ Thanksgiving Foundation​ ក៏ចូលរួមចំណែកមួយផ្នែក នៃចំណូលដល់កិច្ចសហប្រតិបត្ដិការណ៍ផ្នែកសេដ្ឋកិច្ច ការផ្លាស់ប្ដូរវប្បធម៌ និងការជឿជាក់គ្នាទៅវិញទៅមក រវាងប្រទេសទាំង៦ កម្ពុជា វៀតណាម ឡាវ ភូមា ថៃ និងចិន ។

ទន្ទឹមនឹងនោះ លោក ម៉ៅ ហាវ៉ាន់ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ថ្មី Lamei Airlines គឺជាចលនាប្រវត្ដិសាស្ដ្រតាមមធ្យោបាយជាច្រើន ហើយនេះ ជាជំហ៊ានមួយទៀត ឆ្ពោះទៅរកការបង្កើនដៃគូយុទ្ធសាស្ដ្រ ប្រកបដោយភាពជឿជាក់។

ក្រុមហ៊ុន អាកាសចរណ៍ Lamei Airlines បានចាប់ផ្ដើមបង្កើតមូលនិធិ Thanks giving Foundation (មួយរយរៀល) ក្នុងគោលបំណង លើកកម្ពស់ដល់វិស័យសាសនា និងជួយដល់កុមារក្រីក្រ ហើយឈ្មោះ (មួយរយ) បញ្ជាក់ពីការសន្យាក្នុងការបរិច្ឆាគ ប្រាក់មួយរយរៀល ក្នុងថ្លៃសំបុត្រយន្ដហោះមួយ និបញ្ជាក់ពីការលះបង់ មួយរយភាគរយរបស់ខ្លួន ក្នុងការក្នុងការរួមចំណែក ទទួលខុសត្រូវសង្គម និងមនុស្សធម៌៕