(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំប្រតិភូខេត្តចូលរួមប្រជុំទ្វេភាគី ជាមួយប្រតិភូខេត្តអត្តពឺ របស់ឡាវ ដឹកនាំដោយ លោក ណាម វិញ៉ាកេត អភិបាលខេត្ត នៅសាលាខេត្តអត្តពឺ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងខេត្តរតនគិរី និងខេត្តអត្តពឺ ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយគ្នា។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនាថ្ងៃទី០៩ ខែតុលា ម្សិលមិញនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាព័ត៌មានពីគ្នាទៅវិញទៅមក សំដៅដោះស្រាយបញ្ហារួមគ្នា រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួមមានខ្លឹមសារ ១៤ចំណុច ដែលបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សម្រាប់កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសអនុវត្តនូវសេចក្តីថ្លែងការណ៍ រួមទាំង១០ចំណុច នៃកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV លើកទី០៩ កាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៦។

យោងតាមស្មារតីនៃកិច្ចប្រជុំនោះ គឺបានបង្កលក្ខណៈដល់សមត្ថកិច្ចខេត្តទាំងពីរ ក្នុងការរក្សាការពារបរិស្ថានព្រំដែនឧទ្យានជាតិវីរៈជ័យ សហការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបង្កភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការដាំដុះ ផលិតដឹកជញ្ជូន ប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស អាវុធជាតិផ្ទុះ រត់ពន្ធទំនិញខុសច្បាប់ និងការដឹកជញ្ជូនផល-អនុផលព្រៃឈើ និងបទល្មើសផ្សេងៗ គោរពបូរណ ភាពទឹកដី សហការជួយដល់គណៈកម្មការចម្រុះត្រួតពិនិត្យ និងបោះបង្គោលព្រំដែនកម្ពុជា ឡាវ ក្នុងការបោះបង្គោល និងត្រួតពិនិត្យ ថែរក្សាការពារបង្គោលខណ្ឌសីមារព្រំដែន ដែលបានបោះរួចឲ្យគង់វង្ស ជំរុញឲ្យមានការតាំងពិព័ណ៌ពាណិជ្ជកម្ម លើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្ម ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសជំរុញអ្នកវិនិយោគទុនលើវិស័យពាណិជ្ជកម្ម លើវិស័យនានានៅក្នុងខេត្តទាំងពីរ៕