(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការពិនិត្យ និងដាក់គ្រឿងចក្រស្ដារប្រឡាយ អមផ្លូវជាតិលេខ៤ និងប្រឡាយមេពីផ្លូវជាតិលេខ៤ ទៅកាន់ស្ទឹងព្រែកត្នោត សង្កាត់បឹងធំ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង ដែលកំពុងទទួលរងនូវការលិចលង់ផ្លូវថ្នល់ និងភូមិឋានប្រជាពលរដ្ឋ នៅក្នុងសង្កាត់មួយចំនួន របស់ខណ្ឌពោធិ៍សែនជ័យ ជាពិសេសកំណាត់ផ្លូវជាតិលេខ៤ ដែលបង្កឲ្យមានការកកស្ទះចរាចររាល់ថ្ងៃដោយសារទឹកលិចផ្លូវនោះ។

សកម្មភាពស្ដារប្រឡាយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីលោក សេង គន្ធ ដែលជាអភិបាលរងខណ្ឌ រួមជាមួយមន្រ្តីរោមឱវាទ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌផងដែរ។

លោកអភិបាលខណ្ឌ បានថ្លែងថា ជាច្រើនថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជាប់រហូត ដែលបានបង្កឲ្យទឹកជំនន់ទឹកភ្លៀងលិចលង់ ផ្លូវបេតុងនិងផ្លូវលំច្រើនខ្សែ ព្រមទាំងភូមិឋានប្រជាពលរដ្ឋមួយចំនួនផងដែរ នៅក្នុងសង្កាត់ចោមចៅ ត្រពាំងក្រសាំងជាដើម ដែលសង្កាត់ស្ថិតនៅប៉ែកខាងលិច របស់ខណ្ឌពោធិ៍សែនជ័យ ជាពិសេសកំណាត់ផ្លូវជាតិលេខ៤ ដែលបង្កឲ្យផ្លូវនេះ មានការកកស្ទះចរាចរទៀតផង។ ចំណែកការលិចនេះ មិនមែនមានន័យថា នៅទីនោះគ្មានប្រព័ន្ធលូ ឬប្រឡាយនោះទេ មានដែរប៉ុន្តែទឹកហូរមិនទាន់
ព្រោះតែស្ទះសម្រាម ឬស្មៅ និងដីដែលកន្លែងខ្លះរាក់ទៅហើយ។

លោកអភិបាលខណ្ឌ បានបន្តទៀតថា នៅតាមផ្លូវជាតិលេខ៤ មានប្រឡាយ និងលូ២ខ្សែអមផ្លូវ ដែលនិងត្រូវស្ដារចាប់ពីចំណុចភូមិជម្ពូវ័ន សង្កាត់ចោមចៅ ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយក៏មានប្រឡាយមេ១ខ្សែទៀត តភ្ជាប់ពីប្រឡាយផ្លូវជាតិលេខទៅកាន់ស្ទឹង ព្រែកត្នោត ស្ថិតនៅក្នុងសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។

ដែលប្រឡាយទាំងនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការរដោះទឹកជំនន់ទឹកភ្លៀង មិនឲ្យមានការលិចលង់ ឬលិចដែរប៉ុន្តែឆាបស្រទៅវិញ មិនមានការលិចលង់ត្រាំត្រែងយូរ ហើយក្រោយពេលចុះពិនិត្យឃើញថា ប្រឡាយទាំងនោះ ពោរពេញទៅដោយសម្រាម ដែលបងប្អូនប្រជាពលរដ្ឋបោះចោលចូលទៅគ្មានសណ្ដាប់ធ្នាប់ធ្វើឲ្យស្ទះទឹកហូរយឺត ទើបណ្ដាលឲ្យមានការលិចបែបនេះ។

នៅក្នុងពេលនោះដែរ លោកអភិបាលខណ្ឌ បានសំណូមពរ និងណែនាំសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ វេចខ្ចប់និងទុកដាក់សម្រាមឲ្យបានល្អ និងក្នុងទីកន្លែងដែលត្រឹមត្រូវកុំបោះចោលគ្មានសណ្ដាប់ធ្នាប់ចូលទៅក្នុងប្រឡាយ នាំឲ្យមានការកកស្ទះហើយពេលភ្លៀងមកហូរមិនទាន់ជួបការលិចលង់ ដូច្នេះត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីការរស់នៅបានសុខសាន្តមិនជួបការលំបាក៕