(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងថា គិតត្រឹមឆ្នាំ២០១៦កន្លងមក ប្រទេសកម្ពុជា មានវត្ដអារាមចំនួន៤៨៧២វត្ត និងព្រះសង្ឃចំនួន ៦៩,១៩៩ អង្គ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួម ក្នុងពិធីបុណ្យពុទ្ធសាសនា
បួងសួងសុំសេចក្ដីសុខសាន្ដ ដល់ប្រជាជនពិភពលោក ជាពិសេសប្រជាជនកម្ពុជា ជាលើកដំបូង ក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំធ្វើឡើងនៅក្នុងអាគារ City Hall កោះពេជ្យ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ។

ពិធីបុណ្យពុទ្ធសាសនាបួងសួងសុំសេចក្ដីសុខសាន្ដ ដល់ប្រជាជនពិភពលោក ជាពិសេសប្រជាជនកម្ពុជាខាងលើនេះ ក៏មានការនិមន្ដអញ្ជើញចូលរួមពី សម្ដេចព្រះបញ្ញា ដួង ផង់ សម្ដេចព្រះសង្ឃនាយករង នៃកម្ពុជា, ព្រះតេជគុណ ស៊ីន ម៉ៅ ប្រធានប្រតិបត្ដិសមាគមពុទ្ធសាសនាចិនពិភពលោក។ ក្នុងនោះក៏មានវត្ដមាន អ្នកឧកញ៉ា ពុង ឃាវសែរ ប្រធានសមាគមខ្មែរ-ចិន នៃកម្ពុជា និងលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាផងដែរ។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានថ្លែងយ៉ាងដូច្នោះថា «បើតាមតួលេខគិតមកត្រឹមឆ្នាំ២០១៦ កន្លងមកប្រទេសកម្ពុជា មានវត្ដអារាមចំនួន៤៨៧២វត្ត និងព្រះសង្ឃចំនួន ៦៩,១៩៩ អង្គ ដែលក្នុងនោះវត្ដអារាមនៃព្រះពុទ្ធសាសនា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសតិបញ្ញា និងការលើកកម្ពស់សីលធម៌ សង្គមដែលជាការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា
គណបក្សប្រជាជនកម្ពុជាទាំងមូល»

ឧបនាយករដ្ឋមន្ដ្រី បានបន្ថែមថា សមិទ្ធផលទាំងនេះ ជាសក្ខីភាពឲ្យឃើញថារាជរដ្ឋាភិបាលបាននឹងកំពុងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តនូវគ្រប់ មធ្យោបាយដើម្បីធានា
ដល់វឌ្ឍនភាពវប្បធម៌ ប្រពៃណី ដែលជានិមិត្តរូបជាតិឲ្យកាន់តែចម្រើនលូតលាស់។ លោកស្រីបន្ដថា រាជរដ្ឋាភិបាល និងពុទ្ធសាសនិកគ្រប់ទិសទីទាំងអស់នៅតែបន្ដគោរពការពារ លើកស្ទួយព្រះពុទ្ធសាសនាជាដរាប ដោយធ្វើយ៉ាងណាឲ្យពលានុភាព នៃព្រះពុទ្ធសាសនាឧត្ដមឱទាទនៃព្រះបរមគ្រូនៃយើងបន្ដអត្ថិភាពតាំងនៅគង់វង្ស និងជ្រួតជ្រាបក្នុងក្រអៅបេះដូង ចិត្តគំនិតនៃជនានុជនខ្មែរស្របតាមបាវចនា «ជាតិសាសនា ព្រះមហាក្សត្រ»។

សូមបញ្ជាក់ថា ពិធីខាងលើនេះ រៀបចំធ្វើឡើងដោយ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន បានផ្ដួចផ្ដើមគំនិតជាមួយសមាគមព្រះសង្ឃខ្មែរ-ចិនពិភពលោក រៀបចំពិធីនេះ
ជាលើកដំបូងនៅក្នុងរាធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ដោយមានព្រះសង្ឃជាង១០០អង្គ និមន្ដមកពីបណ្ដាប្រទេសផ្សេងៗរួមមាន៖ ចិន កាណាដា វៀតណាម តៃវ៉ាន់ ហុងកុង អូស្ដ្រាលី បារាំងជាដើម។

សូមជម្រាបផងដែរថា ពិធីនេះ មានគោលបំណង ឧទ្ទិសមគ្គផលកុសលជូនទៅជីដូន ជីតា បុព្ធការីជន គ្រូបានអាចារ្យ សាច់សាលោហិត និងបងប្អូនញាតិកា ទាំងប្រាំពីរសន្ដោន ដែលបាន
ស្លាប់បាត់បង់ជីវិតកាលពីសម័យរបប ប៉ុលពត និងបន់ស្រន់សុំសុខសន្ដិភាព និងភាពចម្រុងចម្រើន ដើម្បីលើកកម្ពស់ស្មារតីកតញ្ញូតាធម៌មនុស្ស និងលើកស្ទូយស្មារតីនៃមេត្ដាករុណារបស់
ព្រះពុទ្ធសាសនា៕