(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បង្កើតវេទិកាជាតិទេសចរណ៍ដ៏ធំមួយ ក្រោមប្រធានបទ «យុវជន និងទេសចរណ៍» អមជាមួយពិព័រណ៍ការងារទេសចរណ៍លើក១ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
វេទិកាទេសចរណ៍ដ៏ធំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០១៧ ដែលពិធីបើកជាផ្លូវការធ្វើឡើងក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ការរៀបចំវេទិកាជាតិទេសចរណ៍ខាងលើនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់យុវជនកម្ពុជា អំពីការចូលរួមរបស់យុវជន ក្នុងការជំរុញចលនាទេសចរក្នុងស្រុក ក៏ដូចជាការបញ្ជ្រាបការយល់ដឹងជាសាធារណៈ និងផ្តល់ឱកាសឱ្យយុវជនកម្ពុជាទាំងប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចស្វែងយល់ពីឱកាសការងារក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា និងជំនាញវិជ្ជាជីវៈទេសចរណ៍នានា ដោយធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៥ រួមមាន៖
ប្រធានបទទី១៖ ការចូលរួមរបស់យុវជនក្នុងការជំរុញចលនាទេសចរណ៍ក្នុងស្រុក និងការបញ្រ្ជាបការយល់ដឹងជាសាធារណៈក្នុងវិស័យទេសចរណ៍។
ប្រធានបទទី២៖ ការចូលរួមរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្ត និងការប្រឡងប្រណាំង «យុវជនទេសចរណ៍ឆ្នើម» ប្រចាំឆ្នាំ។
ប្រធានបទទី៣៖ សហគ្រិនវ័យក្មេងឆ្នើមក្នុងវិស័យទេសចរណ៍ និងកម្មវិធីកម្មសិក្សាក្នុងវិស័យទេសចរណ៍។
ប្រធានបទទី៤៖ កម្មវិធីកម្ចីសម្រាប់និស្សិតក្នុងវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។
ប្រធានបទី៥៖ វិថីអភិវឌ្ឍជំនាញទេសចរណ៍យុវជន។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ជា បូរ៉ា បានលើកឡើងថា វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាវិស័យអាទិភាពដ៏សំខាន់មួយ ក្នុងការកសាងសេដ្ឋកិច្ច-សង្គម ដោយបាននាំមកនូវចំណូលជូនជាតិ ផ្តល់ឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ពិសេសតាមរយៈការរីកចម្រើននៃវិស័យទេសចរណ៍ បានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន កំពង់ផែ អាកាសយាន្តដ្ឋាន ការផ្តត់ផ្គង់អគ្គិសនី ទឹកស្អាតនៅតំបន់ទេសចរណ៍អាទិភាពជាដើម។
លោកបន្តថា កម្ពុជាមានសក្តានុពលធំធេងណាស់សម្រាប់ទាក់ទាញយុវជនធៀបនឹងប្រទេសជិតខាង។ បើគិតត្រឹមតែប្រាង្គប្រាសាទបុរាណ កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទបុរាណជាង ១០០កន្លែង និងគ្រឹះប្រាសាទរាប់ពាន់កន្លែងផ្សេងទៀត ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ជាពិសេសប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនៃមនុស្សជាតិរបស់អង្គការ UNESCO កាលពីឆ្នាំ១៩៩២ ២០០៨ និង២០១៧ និងរបាំអប្សរា និងសិល្បៈល្ខោនខោល ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO កាលពីឆ្នាំ២០០២ និង២០០៥។
លើសពីនេះទៅទៀត តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលប្រវែង ៤៤០គីឡូម៉ែត បានក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក កាលពីឆ្នាំ២០១១ និងត្រូវបានប្រសិទ្ធនាម «ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី» ព្រមជាមួយនឹងតំបន់អេកូទេសចរណ៍ភូមិភាគឦសាន្ត ដែលពោលពេញទៅដោយអាថ៌កំបាំងធម្មជាតិដ៏សម្បូរបែបសម្រាប់ការសិក្សាស្រាវជ្រាវ និងផ្សងព្រេងរបស់យុវជនជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមជម្រាបថា ក្នុងឆ្នាំ២០១៦ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ ក្នុងអត្រាកំណើន ៥% និងទេសចរក្នុងស្រុកប្រមាណ ១១.៦៤លាននាក់ នាំចំណូលជូនជាតិប្រមាណ ៣,៤០០លានដុល្លាអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ ព្រមទាំងបង្កើតការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។
រយៈពេល៧ខែ ដើមឆ្នាំ២០១៧ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាប្រមាណ ៣.១លាននាក់ កើនឡើង ១២.៨% ហើយជាចក្ខុវិស័យ នៅឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ១៥លាននាក់ ដែលនឹងបង្កើតចំណូលជូនជាតិប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់៕